ថ្ងៃសៅរ៍៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និង លោកប្រធាន អនុប្រធានការិយាល័យជំនាញបាន ចុះពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រី កង្កែប និងបង្កង របស់កសិករឈ្មោះ យស់ កិហិ ភេទស្រី មានទីលំនៅស្ថិតនៅ ភូមិសែនជ័យ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការលើកឡើងរបស់កសិកជាម្ចាស់ទីតាំង បានឱ្យដឹងផងដែរថា បន្ទាប់ពីទទួលការបណ្តុះបណ្តាល បច្ចេកទេសចិញ្ចឹម តាមរយៈកម្មវិធី(ASPIRE) គាត់ បានចាប់ផ្តើមមុខរបរចិញ្ចឹមត្រី-កង្កែប និងបង្កងគាត់ បានចាប់អារម្មណ៍ និងមានបំណងតាំងពីយូរមក ហើយ គាត់ក៍ធ្វើតាមបច្ចេកទេសដោយយកចិត្តទុកដាក់បំផុត។ម្យ៉ាងទៀតដោយមើលឃើញពីតម្រូវការទីផ្សារផង និងរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារផង ។ កសិកររៀបចំអាងសម្រាប់អនុវត្តន៍ការចិញ្ចឹមចំនួន ០៦ អាង ដែលអាងនីមួួយៗមានទំហំ៣ម x ៤ម x ០,៥ម ក្នុងនោះ អាងសម្រាប់ចិញ្ចឹមកង្កែបសាច់ចំនួន ០៣ អាង និងអាងសម្រាប់ទុកមេបា ចំនួន ០២ អាង ដោយឡែក ០១ អាងទៀត ប្រើប្រាស់សម្រាប់ផ្សាំកូនត្រី ព្រមទាំងមានស្រះចំនួន ០៣បន្ថែមទៀតផងដែរ ដោយស្រះនីមួយៗមានទំហំ (២៥ម x ៥០ម x ៣ម ស្មើនឹង ៣.៧៥០ ម២)។ មកទល់ពេលនេះ ការចិញ្ចឹមកង្កែបសរុបចំនួន ៣.៥៦០ក្បាល(មេបា ចំនួន ៦០ក្បាល ) បង្កងចំនួន ១.១០០ ក្បាល និងត្រីអណ្តែងរឹងចំនួន ១៥.០០០ ក្បាល។
ចំពោះការចិញ្ចឹមកង្កែបបានអនុវត្តន៍ដោយរក្សាទុក មេបាដោយខ្លួនឯង ក្នុងគោលដៅផលិតកូនសម្រាប់ ចិញ្ចឹមដោយខ្លូនឯងផង និងសម្រាប់លក់បន្តទៅឱ្យអ្នកចិញ្ចឹមដូចគ្នាផងដែរ។
សូមបញ្ជាក់ផងដែរថា កសិករឈ្មោះ យស់ កិហិ ក៏ជាកសិករគំរូមួយរូបផងដែរ ដែលបានចែករំលែក បទពិសោធន៍ដល់កសិករផ្សេងទៀត ដែលចង់ប្រកបមុខរបរនេះ។កន្លងមក ទីតាំងនេះជាទីកន្លែង សម្រាប់កសិករមកពីខេត្តបាត់ដំបង មកទស្សនៈកិច្ចជាបទពិសោធន៍សម្រាប់យកទៅអនុវត្តផ្ទាល់នៅទីតាំងរបស់ខ្លួន។ ជាផែនការអនាគត និងចិញ្ចឹមត្រីប្រាចំនួន ៣០.០០០ កូន និងត្រី អណ្តែងចំនួន ១៥.០០០កូន បន្ថែមទៀត។