មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់អគ្គនាយកដ្ឋានកសិកម្ម
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២១
82

ថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមកម្មវិធីនៅ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមាន ការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង លោកប្រធាន
 អនុប្រធានអង្គភាពក្រោមឱវាទ លោកជំទាវ លោកឧកញ៉ាតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ 
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីក្រោមឱវាទក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្មដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ:របាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មុននេះបន្តិច ហើយសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:មោះមុតក្នុងការដឹកនាំ គ្រប់គ្រង សាមគ្គីផ្ទៃក្នុង និងសហការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីៗ ការប្រកួតប្រជែងទីផ្សារ បរិយាប័ន និងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មសម្រេចទទួលបានសមិទ្ធផលធំៗមួយចំនួនជាអាទិ៍៖ - ការចុះពិធីសារស្តីអំពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន"។ - ការចុះ MoU ជាមួយទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី "លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់"។ - ការចុះ MoU ជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ស្តីអំពី "គម្រោងបន្លែ ផ្លែឈើកម្ពុជាដំណាក់កាលទី៣ (CHAIN Phase III)"។ - ការអនុវត្តគម្រោងស្តីអំពី "ការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយសម្រាប់ការនាំចេញ" ដែលទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ - ចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។ - ការចុះ MoU ជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងការចុះកិច្ចសន្យារវាងក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ជាមួយតំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគារ សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សហព័ន្ធទេសចរណ៍ ក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិស្តីអំពី "ការលើកទឹកចិត្តបរិភោគ និងប្រើប្រាស់បន្លែសុវត្ថិភាព"។ -ការចុះកិច្ចសន្យាចំនួន ១៦ និង MoU ចំនួន ០២ ស្តីអំពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូង មី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់"។ - កំពុងចរចាជាមួយប្រទេសវៀតណាមអំពី SPS ដើម្បីនាំចេញផ្លែក្រូចថ្លុង មៀន និងខ្នុរ។ - ការស្តារផលិតកម្មដំណាំស្រូវឡើងវិញបាន ១០០% ក្រោយពេលរងគ្រោះដោយទឹកជំនន់។ - បានផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់នាំចេញកសិផលក្នុងបរិមាណសរុប ៤ ៨៧៣ ៤៦១តោនទៅកាន់ ៤៧ប្រទេស (ដំឡូង មីក្រៀម ១,៥២លានត -ដំឡូងមីស្រស់ ៧២៣ ៥៩០ត -ស្រូវ ៦៨៥ ៨២៥ត -ចេកអំបូងលឿងស្រស់ ៣៣៣ ១៤៣ត -គ្រាប់ស្វាយចន្ទី ២១៨ ៩៨១ត -ពោត ១៩៤ ៦២៥ត និងស្វាយស្រស់ ៩៧ ៦២៨ត)។ - ការ នាំចេញអង្ករ ៦៩០ ៨២៩ត  និងការនាំចេញស្រូវក្រៅផ្លូវការ ២ ២០៨ ១២៦ត ដែលគិតជាទឹក ប្រាក់សម្រាប់ការនាំចេញកសិផលទាំងអស់ប្រមាណ ២ពាន់លានដុល្លារ។ ព្រមជាមួយសមិទ្ធផលនេះ យើងក៏ព្រមទទួលយកនូវរាល់បញ្ហាចំបងៗមួយចំនួនដែលកើតមានក្នុងពេលអនុវត្តគោល នយោបាយជាក់ស្តែង ដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវតម្រង់ ឬកំណត់ទិសដៅ ផ្តល់ការគាំទ្រ និងកិច្ចសហការឲ្យបានកាន់តែស៊ីជម្រៅ ពេញលេញ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវខិតខំរិះរកវិធានការថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មដំណាំ ធានាដល់ការផ្គត់ផ្គង រួមទាំងគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដាទីផ្សារ និងនិន្នាការនៃការបរិភោគបន្លែ ផ្លែឈើសុវត្តិភាព និងទីផ្សារនាំចេញដែលមានការកើនឡើងរៀងរាល់ឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter