ខេត្តពោធិ៍សាត់៖ “យន្តការរួមគិត រួមធ្វើ រួមត្រួតពិនិត្យ ដើម្បីបង្កើនគុណភាពសេវាកម្មផ្សព្វផ្សាយបច្ចេកទេសកសិកម្ម” កាលពីថ្ងៃទី ០២-០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារកម្មវិធីASPIRE សម្របសម្រួលដោយលោកហ៊ន់ សុវណ្ណ មន្ត្រីត្រួតពិនិត្យ និងវាយតម្លៃ លោកឃួន កាន់ មន្ត្រីទីផ្សារកម្មវិធី និងស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះដឹកនាំសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តគម្រោងបង្កើតបណ្តុំអាជីវកម្មវារីវប្បកម្ម (ចិញ្ចឹមត្រី/កង្កែប) ជំហាន២ របស់អ្នកផ្តល់សេវាកម្មអនុវត្តកិច្ចសន្យាខាងក្រៅ នៃអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) ដោយមានចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពធៀបនិងកិច្ចសន្យាជាមួយប្រធានក្រុមនិងជំនាញបចេ្ចកទេសនៃអង្គការEPDO ។ យន្តការរួមគិត រួមធ្វើ រួមត្រួតពិនិត្យ ដើម្បីបង្កើនគុណភាពសេវាកម្មនៃការអនុវត្តកិច្ចសន្យាខាងក្រៅ ក្រោមការចង្អុលបង្ហាញរបស់លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរ និង លោកហៃ ធូរ៉ា អនុប្រធានមន្ទីរ និងក្រុមការងារអនុវត្តអនុកម្មវិធី ដោយក្នុងនោះក្រុមការងារបានជួបសម្ភាសន៍ជាមួយប្រធានបណ្តុំនិងសមាជិក ប្រជុំក្រុមបណ្តុំអាជីវកម្ម និងសង្កេតផ្ទាល់នូវកសិដ្ឋានចិញ្ចឹមកង្កែបនិងត្រីអណ្តែងទីតាំងផ្ទាល់នៅភូមិមួយចំនួន មានភូមិដងរុង ភូមិដងឡង ឃុំកោះជុំ ភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន និងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ។ ក្នុងនិតិវិធីត្រួតពិនិត្យនិងវាយតម្លៃនេះរួមមានៈ 1)-បានធ្វើការពិនិត្យនិងឆ្លុះបញ្ចាំងពីវឌ្ឍនភាពសំខាន់ៗធៀបនិងកិច្ចសន្យា និងរបាយការណ៍វឌ្ឍនភាពរបស់អ្នកផ្តល់សេវាកម្ម 2)- ចុះមូលដ្ឋានពិនិត្យជាក់ស្តែងពីវឌ្ឍនភាព ឆ្លុះបញ្ជាំងជាមួយសមាជិកបណ្តុំអាជីវកម្ម និងអ្នកផ្តល់សេវាកម្ម EPDOដើម្បីសាកសួរបន្ថែមពីការផ្តល់សេវាកម្ម និងតម្រូវការគាំទ្រដែលចាំបាច់ ឬសំណូរពរលើការងារគាំទ្របច្ចេកទេសផ្សេងៗ និង 3)-រៀបចំរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃ ពីវឌ្ឍនភាពនៃការផ្តល់សេវាកម្ម ដាក់ជូនថ្នាក់ដឹកនាំមន្ទីរពិនិត្យ និងអនុម័ត ដើម្បីបន្តអនុវត្តជំហានទី៣បន្ទាប់ទៀត ។ ក្នុងនិតិវិធីនេះ ការរកឃើញនូវចំណុចខ្វះខាត សំណូមពរ និងអនុសាសន៍ត្រូវបានយកមកពិភាក្សា និងកែលម្អដើម្បីអនុវត្តឱ្យមានភាពរលូន និងទាន់ពេលវេលា។
ជាការសន្និដ្ឋាន៖ ក្រុមការងារបានបូកសរុបមកឃើញថា 1-EPDO អនុវត្តការងារបានល្អជារូបវន្តបាន៧០%ធៀបនិងផែនការអនុវត្តកិច្ចសន្យារួម 2-សមាជិកបណ្តុំអាជីវកម្មវារីវប្បកម្ម (ចិញ្ចឹមត្រីនិងកង្កែប) បានទទួលសេវាកម្មល្អប្រសើរ កសិករមានការយល់ដឹងខ្ពស់ មានឆន្ទះចាប់យកជាអាជីព (ចិញ្ចឹមជាលក្ខណៈអាជីវកម្ម) 3-សមាជិកមួយចំនួនបានពង្រីកបន្ថែមទាំងទំហំនៃការចិញ្ចឹម និងបរិមាណពូជ ទោះបីជាការចាប់ផ្តើមដំបូងនៅមានទ្រង់ទ្រាយតូច ដោយចិញ្ចឹមក្នុងតង់ផ្លាស្ទិកខៀវ ។
បង្រៀនឱ្យចេះចិញ្ចឹមត្រី ប្រសើរជាងបង្រៀនឱ្យចេះស្ទូចត្រី នេះសម្តីរបស់សមាជិកបណ្តុំអាជីវកម្មវារីវប្បកម្ម បានលើកឡើងខណៈពេលដែលគាត់ជួបជាមួយក្រុមការងារកម្មវិធី ASPIRE ក្នុងពេលចុះត្រួតពិនិត្យនិងវាយតម្លៃ ដោយគាត់យល់ឃើញថា បើឱ្យត្រីមួយហូប រស់បានមួយថ្ងៃ បង្រៀនឱ្យចេះស្ទូច រស់បានមួយពេល បើបង្រៀនឱ្យចេះចិញ្ចឹម រស់បានមួយជីវិត” ។