ថ្ងៃពុធ១រោចខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២១ កម្មវិធីASPIRE ខេត្តពោធិ៍សាត់៖ វេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមការងារកម្មវិធីASPIRE បានរៀបចំវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) ដើម្បីពិភាក្សាពីលទ្ធភាពផលិតរបស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ អ្នកប្រមូលទិញមាន់ អ្នកលក់ធាតុចូល ភ្នាក់ងារហិរញ្ញវត្ថុ ចូលរួមពិភាក្សាឈានដល់ការរៀបចំផែនការផលិត បញ្ហាជួបប្រទះ ដំណោះស្រាយ ការរកធាតុចូលដែលមានគុណភាព និងឈានដល់ការចុះកិច្ចសន្យាផលិតកម្ម(Contract Farming) នាពេលខាងមុខលើការផ្តត់ផ្គង់មាន់សាច់ក្នុងស្រុក។ លោកប្រធានបណ្តុំអាជីវកម្មបានលើកឡើងថា សមាជិករបស់គាត់មានលទ្ធភាពផ្តត់ផ្គង់មាន់សាច់ ១០-១៥គក/ថ្ងៃ ដោយសារក្រុមសមាជិករបស់គាត់ទើបតែចាប់ផ្តើម ហើយការផ្តត់ផ្គង់នេះនឹងកើនឡើងជាបន្តបន្ទាប់។ អ្នកប្រមូលទិញមាន់សាច់ បានពន្យល់ប្រាប់ដល់សមាជិកបណ្តុំអាជីវកម្មទាំងអស់ ពីតម្រូវការទីផ្សារល្អ ជាពិសេសប្រភេទមាន់ជើងលឿង សាច់លឿង ឬខ្មៅសុទ្ធមានតម្រូវខ្ពស់ និងងាយលក់ជូនអ្នកបោះដុំនិងផ្សារថ្នាក់ស្រុក រីឯអ្នកផ្តត់ផ្គង់ធាតុចូល បានបង្ហាញពីផលិតផលដែលគាត់មានក្នុងដេប៉ូរបស់គាត់ រួមមានចំណីគ្រប់មុខ ថ្នាំការពារនិងវាក់សាំង តាមតម្រូវការនិងមានផ្តល់បច្ចេកទេសណែនាំដល់ក្រុមបណ្តុំអាជីវកម្មដែលទៅទិញដល់កន្លែងគាត់តាមតម្លៃសមរម្យនិងធានាគុណភាពផលិតផលច្បាស់លាស់។ កិច្ចដំណើរខាងលើនេះបានសម្របសម្រួលពីក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត មានលោករស់ ឡា ប្រធាន ក្រុមការងារASPIRE ថ្នាក់ស្រុក និងមន្ត្រីបច្ចេកទេស ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) លោកឃួន កាន់មន្រ្តីទទួលបន្ទុកទីផ្សារ និងលោក ស៊ុន វណ្ណ
ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីខេត្ត បានដឹកនាំនិងសម្របសម្រួលអង្គវេទិការនៃអ្នកពាក់ព័ន្ធច្រើនភាគីឈានដល់ការព្រមព្រៀងគ្នាលើការផលិត ការទិញនិងការផ្តត់ផ្គង់ធាតុចូល និង កំចីនានា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម