មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ក្នុងភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលរៀបចំដោយ​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ សីហា ២០២២
155

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២​លោក​ ហៃ​  ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ក្នុងភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលរៀបចំដោយ​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ចេញផ្ទៃដីតំបន់៣ បញ្ជូលមកតំបន់២ នៃបឹងទន្លេសាបជូនប្រជាពលរដ្ឋបានគ្រប់គ្រងមុនឆ្នាំ២០១២  ដើម្បីមានសិទ្ធិប្រើប្រាស់និងអាស្រ័យផល ដែលបានប្រារព្ធធ្វើនៅអគារទីទួលសុវត្ថិភាពភូមិឬស្សីតាម៉ាន់ ដោយមានការចូលរួមពីលោកអភិបាលស្រុកបាកាន​ ប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្ត​ ​ និងអាជ្ញាធរមូលដ្ឋាន។        
ក្នុងនោះលោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបជូនថា ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធស្ថិតនៅក្នុងភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល  ដែលមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រង់ទិន្នន័យប្រជាពលរដ្ឋដែលអាស្រ័យផលនៅក្នុងតំបន់៣ នៃបឹងទន្លេសាបមុនឆ្នាំ២០១២មានចំនួនតែ៤២គ្រួសារ ផ្ទៃដី១៥៥ហិកតា​ ៨៨អា ស្មើនឹង​៤៨ក្បាលដី ត្រូវចុះបញ្ជី ដើម្បីមានសិទ្ធិប្រើប្រាស់និងអាស្រ័យផល ទៅតាមអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២២ ។ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យបាន៥ដំណាក់​កាល និងចូលរួមស្តាប់ការពន្យល់ ណែនាំពីមន្ត្រី គ្រប់គ្រងការងារឆ្លើយបំភ្លឺរាល់សំណួរនិងចម្ងល់តាមផ្លូវច្បាប់ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានភាពជាក់លាក់ ច្បាស់លាស់ត្រឹមត្រូវនិងមានតម្លាភាព ។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនិងអ្នកពាក់ព័ន្ធទាំងអស់ដែលស្ថិតក្នុងភូមិតំបន់គោលដៅ សូមអញ្ជើញ ចូលរួម ចង្អុលបង្ហាញ បោះបង្គោលព្រំក្បាលដី បើម្ចាស់ក្បាលដីណា មានទំនាស់សូមសម្របសម្រួល​ និងដោះស្រាយ​ឱ្យបានចប់សព្វគ្រប់ និងភ្ជាប់មកជាមួយ​នូវ អត្តសញ្ញាណបណ័្ណ សៀវភៅគ្រួសារ​ និង​សំបុត្រអាពាហ៍ពិពាហ៍ ទើបធ្វើឲ្យការវាស់វែងនិងប្រមូលទិន្នន័យក្បាលដីបានឆាប់រហ័សនិងទាន់ពេលវេលា​ ។ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាល ស្រុកបាកាន  បានជម្រាបជូនថា ខេត្តដែលជាប់បឹងទន្លេសាបរួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង គឺមានតែខេត្តពោធិ៍សាត់ប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១០១ អនក្រ/បកចុះថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២២ សម្រេចកែសម្រួល​ផ្ទៃដីតំបន់៣​ បញ្ចូលមកតំបន់២​ មុនគេស្រប​ទៅតាមសំណូមពរ របស់បងប្អូន​ ។​ ទាំងអស់ក៏ជាកាខិតខំប្រឹងប្រែងគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយ​មូលដ្ឋានស្រុកក្រគរនិងស្រុកកណ្តៀងនិងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ទើបក្រុមការងារជំនាញចុះអនុវត្តវាស់វែងនិងប្រមូលទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋដើម្បីមានសិទ្ធិប្រើប្រាស់និងអាស្រ័យផល មិនអាចលក់ដូរឬទៅកាប់ឆ្កា​រុក​រានព្រៃលិចបានទៀតឡើយ ។ តាមរយៈនេះក្នុងនាម រដ្ឋបាលស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាជួយថែរក្សាការពារធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបឲ្យបានគង់វង្សប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយនិងថ្លែងអំណរគុណចំពោះមន្ត្រីជំនាញ​ដែលបានចុះវាស់វែងនិងប្រមូលទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋនៅក្នុង​ ភូមិឬស្សីតាម៉ាន់​ និងឈានទៅតំបន់គោលដៅផ្សេងៗទៀត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter