គិតចាប់ពីថ្ងៃទី ១១ខែមករា រហូតដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របាយការណ៍ស្តីពីស្ថានភាពទឹកជំនន់ប៉ះពាល់និងខូចខាតដំណាំកសិកម្មក្នុងរដូវប្រាំងឆ្នាំ២០២៣ នៅទូទាំងខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់លិចប៉ះពាល់ និងខូចខាតដូចខាងក្រោម៖
- ប៉ះពាល់ដល់ដំណាំស្រូវចំនួន២ ១១៨ហិកតា (ចំនួន ៥ស្រុក/ក្រុង ១២ឃុំ/សង្កាត់ ស្មើនឹង ៥៩ភូមិ មានចំនួន ១ ៤៦៧គ្រួសារ) និងដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំចំនួន ២៧ ហិកតា (ចំនួន ៣ស្រុក/ក្រុង ៩ឃុំ/សង្កាត់ ស្មើនឹង ២០ភូមិ មានចំនួន ៣១២គ្រួសារ)។
- ផ្ទៃដីសង្គ្រោះបានលើដំណាំស្រូវចំនួន ៣៩២ហិកតា និងសង្ក្រោះបានលើដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំចំនួន ១១ហិកតា។
- ផ្ទៃដីខូចខាតដំណាំស្រូវចំនួន ១ ៤២៨ហិកតា(ចំនួន ៣ស្រុក/ក្រុង ៥ឃុំ/សង្កាត់ ស្មើនឹង ៣៩ភូមិ មានចំនួន ១ ០៣៧គ្រួសារ) និងខូចខាតដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំចំនួន ១៦ហិកតា។
សម្រាប់ទូទាំងខេត្តមានស្រុក/ក្រុង ដែលប៉ះពាល់ និងខូចខាតដូចលម្អិតជូនខាងក្រោម៖
- ស្រុកកណ្ដៀង មានផ្ទៃដីប៉ះពាល់ដំណាំស្រូវធ្ងន់ធ្ងរលើដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលផើមចេញផ្កា ម្យ៉ាងទៀតដោយសារទឹកហូរចេញយឺត ធ្វើឲ្យដំណាំស្រូវអាចខូចខាតទាំងស្រុងចំនួន ១.២៤០ហិកតា (ឃុំស្យា ឃុំកញ្ជរ និងឃុំអន្លង់វិល) ព្រមទាំងប៉ះពាល់ដល់ដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំចំនួន ៩ហិកតា និងបានខូចខាតដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំចំនួន ៩ ហិកតា (ឃុំស្យា និងឃុំអន្លង់វិល) ។
- ស្រុកបាកាន មានផ្ទៃដីប៉ះពាល់ដំណាំស្រូវ ចំនួន ៣៩២ហិកតា ( ឃុំស្វាយដូនកែវ ឃុំបឹងខ្នារ ឃុំរំលេច និងឃុំអូរតាប៉ោង)។ ផ្ទៃដីដែលបានសង្រ្គោះចំនួន១៤៤ ហិកតា (ឃុំរំលេច និងឃុំបឹងខ្នារ ដែលស្ថិតនៅផ្នែកខាងលើ) ដោយឡែកឃុំស្វាយដូនកែវ និងឃុំអូរតាប៉ាង មានផ្ទៃដីប៉ះពាល់កើនឡើងដោយសារស្ថានភាពទឹកកំពុងហូរចូលជាបន្តបន្ទាប់។
- ស្រុកភ្នំក្រវាញ មានផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន ៥៥ ហិកតា(ឃុំសន្រ្ទែ ឃុំលាច និងឃុំព្រងិល) ហើយផ្ទៃដីដំណាំស្រូវនេះត្រូវសង្រ្គោះឡើងវិញហើយ។ ប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំចំនួន ១១ ហិកតា (ឃុំសន្រ្ទែ ឃុំលាច ឃុំព្រងិល ឃុំរកាត និងឃុំបាក់ចិញ្ចៀន) ហើយផ្ទៃដីដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំក៏បានសង្គ្រោះឡើងវិញដែរ ។
- ក្រុងពោធិ៍សាត់ មានផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន ១១២ហិកតា (សង្កាត់រលាប) និងបានខូចខាតចំនួន ៦២ហិកតា។ ប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំចំនួន ៧ ហិកតា និងបានខូចខាតដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំទាំងចំនួន ៧ហិកតា។
- ស្រុកតាលោសែនជ័យ មានផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន ៣១៩ហិកតា (ឃុំតាលោ) ក្នុងនោះផ្ទៃដីដំណាំស្រូវដែលបានសង្រ្គោះចំនួន ១៩៣ ហិកតា និងដំណាស្រូវខូចខាតចំនួន១២៦ហិតា។