៚ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ គម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយិកាគម្រោង លោកបណ្ឌិត គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងជានាយកប្រតិបត្តិគម្រោង និងក្រុមការងារគម្រោងថ្នាក់ជាតិ សហការជាមួយក្រុមការងារគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សម្របសម្រួលដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម និងជាប្រធានគម្រោងថ្នាក់ខេត្ត ព្រមទាំងមន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត-ស្រុក បានរៀបចំពិធី “ពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព” នៅបរិវេណសួនច្បារមុខកោះសំពៅមាស ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម
ឭវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ខូយ សុខា ប្រធានក្រុមទីប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ព្រមទាំងអជ្ញាធរមូលដ្ឋាន បងប្អូនប្រជាកសិករ ផលិតករ អាជីវករ ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍន៍ បានចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសមួយប្រកបដោយសេចក្តីសោមនស្សរីករាយជាភាតរភាព និងមោទនភាពយ៉ាងក្រៃលែង។ ពិធីផ្សារណាត់នេះ ធ្វើឡើងក្នុងគោលបំណង៖ (១)បំផុសឲ្យប្រជាជនទូទៅមានចំណាប់អារម្មណ៍ក្នុងការទិញបន្លែដែលមានគុណភាព និងសុវត្ថិភាព យកទៅបរិភោគ និងបង្ហាញឲ្យអ្នកទទួលទិញដុំយកទៅលក់នៅផ្សារដ៏ទៃ បានទទួលស្គាល់ពីសមត្ថភាពនៃការផលិតបន្លែប្រកបដោយគុណភាព និងសុវត្ថិភាពរបស់កសិករក្នុងខេត្ត (២)ស្វែងរកទីផ្សារដើម្បីលក់ផលិតផលតាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាព និងតម្លៃតាមរយៈការអនុត្តការធ្វើកសិកម្មតាមកិច្ចសន្យា (៣)ដើម្បីបង្កើនការយល់ដឹងអំពីបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពក្នុងចំណោមមហាជនទូទៅ (៤) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទីផ្សាររវាង កសិករផលិត ជាមួយនឹងគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ទីផ្សារ។ ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការប្រគុំតន្រ្តី ការដាក់តាំងលក់បន្លែសុវត្ថិភាព ផលិតផលសុវត្ថិភាព ធាតុចូលកសិកម្ម វេទិកាសំណួរ-ចម្លើយពាក់ព័ន្ធនឹងបន្លែសុវត្ថិភាពដោយវាគ្មិនជំនាញ ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីអនុវត្តគម្រោងដែលបានខិតខំយកអស់កំលាំងកាយចិត្តអនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងនេះផ្តោតជាសំខាន់ទៅលើការផលិត ពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពក្នុងបំណងកាត់ បន្ថយការនាំចូល បង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម ចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងជាពិសេសធ្វើការអភិវឌ្ឍផលិតកម្មបន្លែ ផ្លែឈើ ធានាសុខភាពសា ធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រនិងចំណាកស្រុក។