ព្រឹកថ្ងៃសៅរ៍៤រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៩លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានអមដំណើរ ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួត នៅឃុំតាលោ ស្រុកតាលោសែនជ័យ និងឃុំរំលេច ស្រុកបាកាន។តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ផ្ទៃដីស្រូវវស្សាដើមរដូវចំនួនជាង ២៨ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹក ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ៣១២ហត នៅក្នុងស្រុកបាកាន។ ចំណែកឯស្រុកតាលោសែនជ័យផ្ទៃដីរាំងស្ងួតសរុបជាង ៣០ពាន់ហត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ១,៣៧២ហត។ ដោយឡែក លោកមេភូមិបួរច្រេស បានបញ្ជាក់ឲ្យដឹងថាដោយសារតំបន់នេះគ្មានប្រឡាយទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់នៅដើមរដូវនេះ ធ្វើឲ្យផ្ទៃដីស្រូវវស្សាដែលស្ថិតក្នុងភូមិនេះ មានចំនួន ១៨០ហត ត្រូវបានទទួលរងនូវគ្រោះរាំងស្ងួត។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃគ្រោះរាំងស្ងួតឯកឧត្តមរដ្ឋមន្រ្តី បានជួយដោះស្រាយបញ្ហាចំពោះមុខ បន្ទាន់ ដោយ លោកបានជួយឧបត្ថម្ភប្រេងចំនួន ៤០០លីត្រ សម្រាប់ធ្វើការបូមបាចទឹកតាមលទ្ធភាពជួយសង្គ្រោះ សន្ទូង។ ជាពិសេស ឯកឧត្តមបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរចុះតាមដានស្ងានភាពជាប្រចាំ ហើយក៏គួរសិក្សាពីលទ្ធភាពប្តូរមុខដំណាំខ្លះដែល ប្រើប្រាស់ទឹកតិច ហើយកសិករក៏គួរត្រៀមពូជទុកសាបព្រោះឡើងវិញបន្ទាប់ពីមានទឹកគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខ ស្បៀងនៅឆ្នាំខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម