នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ លោក ងួន ប៊ុណ្ណារ៉ា នាយរងខណ្ឌរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងនាយផ្នែករដ្ឋបាលព្រៃឈើ បានចូលរួមរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ នៅដែលពិធីនេះនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើប្រមាណ ៤០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលព្រៃឈើដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុស ត្រូវនាឆ្នាំកន្លងមក។ ពិតណាស់ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលព្រៃឈើក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវបទបញ្ជាសំខាន់៣ គឺ៖ ១- ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែកទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្មព្រៃឈើ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និង៣- លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃ ឈើដោយឆន្ទៈម្ចាស់ការ និងតម្លាភាព។ ក្រៅពីនេះ នៅក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក៏បានលើកឡើងអំពីយុទ្ធសាស្រ្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពមានជាអាទិ៍៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩ -២០២៣) យុទ្ធសាស្រ្តរេដបូកជាតិ (២០១៧-២០២៥) និងការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ (២០១០ -២០២៩)។