ថ្ងៃ អាទិត្យ ០៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ បានអមដំណើរ ប្រតិភូ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និងជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ ដោយ មានចូលរួមពី អាជ្ញាធ័រខេត្ត និង ស្រុក/ឃុំ ក្នុងដែនដីរដ្ឋបាលស្រុកបាកាន បានចុះពិនិត្យការងារ ដាំដុះ ដំណាំបន្លែ របស់ក្រុមកសិករគម្រោងជម្រុញផលិតកម្មស្បៀង នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន និងកសិដ្ឋានដាំបន្លែ លើទឹក តាមបែបធម្មជាតិ~សុវត្ថិភាពសរីរាង្គ និងការអនុវត្តបច្ចេសទេសកសិកម្មល្អ ក្នុងភូមិ ព្រៃផ្តៅ ឃុំ បឹងខ្នារ ស្រុកបាកាន ខេត្តពោធិសាត់ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនិងអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញឱ្យមាន ការដាំដុះ បន្លែដល់សហគមន៍អោយបានច្រើន ដែលជាតម្រូវ ការដ៏ចាំបាច់បំផុតសម្រាប់ប្រទេសជាតិយើង នាពេលបច្ចុប្បន្ន ដែលកំពុងជួបបញ្ហារីករាលដាលជម្ងឺ Covid-19។
ក្នុងពេលនោះដែរ ក្រុមការងារមន្ទីរបានរាយការណ៍ដោយ សង្ខេបពីលទ្ធផល ពីការ អនុវត្តគម្រោងជម្រុញផលិតកម្មស្បៀង(BFP) ដោយលើកថាៈ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ បានអនុវត្ត ទៅលើស្រុកគោលដៅ ចំនួន០២ ដែលមានសក្តានុពល (ស្រុកបាកាន និងស្រុកកណ្តៀង) ចំនួន០៣មាន ឃុំត្រពាំងជង ឃុំស្នាមព្រះ ក្នុងស្រុកបាកាន និងឃុំស្វាយលួងនៅក្នុងស្រុក កណ្តៀង ដោយបានចងក្រងក្រុមកសិករផលិតបន្លែចំនួន០៦ ក្រុម ក្នុង១ក្រុមសមាជិក ១៥ នាក់ សរុប សមាជិកចំនួន៩១ នាក់/ស្រី ៥៨ នាក់ និងបាន បង្កើតជាសហគមន៍ដាំបន្លែសុវត្ថិភាព ចំនួន០២ សហគមន៍ ដែលមានផ្ទៃដីអនុវត្តសរុប ២២,៧៣ ហ.ត។
ចំពោះបរិមាណផលិតបន្លែរចាប់ពីឆ្នាំ២០១៧ មកដល់ខែ មេសា ឆ្នាំ២០២០ ទាំង០២ ស្រុកបានចំនួនសរុប ១.២៩៧.៤០៥គ.ក្រ លក់បានតម្លៃជាមធ្យម ១០០០~១៥០០រៀលក្នុង១គ.ក្រ សរុបចំណូល វិញ ក្នុង១ឆ្នាំកសិករទាំង២សហគមន៍ រកចំណូលបាន ៣២៤.៣៥១.២៥០រៀល ។ជាទឹសដៅកសិករនឹងខិតខំពង្រីកផលិតផលបន្លែសុវត្ថិភាព និងទីផ្សារដើម្បីប្រកួតប្រជែង និងកាត់បន្ថយការនាំចូលបន្លែក្រៅខេត្ត និងប្រទេសជិតខាង ឱ្យបានតាមលទ្ធភាពដែលអាចធ្វើបាន។