ព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ លោកហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំក្រុមទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE)ចុះមូលដ្ឋានពិនិត្យការងារផ្ទាល់ស្ថិតនៅតំបន់គោលដៅរបស់កម្មវីធីក្នុងភូមិវត្តលាប ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់។
កម្មវីធីASPIREប្រចាំខេត្តពោធិ៍សាត់បានសហការជាមួយអ្នកផ្តល់សេវាកម្ម អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)ដើម្បីអនុវត្តគម្រោង ផលិតកម្មពូជស្រូវនិងចិញ្ចឹមមាន់ផ្សាភ្ជាប់ទីផ្សារ ហើយព្រឹកថ្ងៃនេះ អង្គការEPDOក៏ត្រូវចុះចែកបន្តពូជស្រូវសែនក្រអូប នៅភូមិវត្តលាប ដល់កសិករសមាជិកក្រុមផលិតស្រូវពូជ ចំនួន៣០គ្រួសារ ដោយ១គ្រួសារទទួលបានស្រូវពូជ ១៥គីឡូក្រាមផងដែរ។ លោកលោកហៃ ធូរ៉ា បានមានមតិចូលរួមនិងផ្តាំផ្ញើរដល់កសិករផលិតពូជស្រូវ ឲ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តកិច្ចការងារតាមការណែនាំរបស់អ្នកបច្ចេកទេស ហើយជាពិសេសត្រូវធ្វើការកាត់បន្ថយការប្រើប្រាស់ថ្នាំពុលនិងជីគីមីកសិកម្មលើសកម្រិតនិងត្រូវអនុវត្តតាមកសិកម្មល្អដើម្បីបង្កើនទិន្នផលខ្ពស់ និងធានានូវសុវត្ថិភាពចំណីអាហារ។
គួរបញ្ជាក់ថាការផលិតពូជស្រូវនៅក្នុងភូមិវត្តលាប ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់នេះគឺទទួលបានផលជាមធ្យម៤ទៅ៤.៥តោន/ហត ហើយកសិករលក់បានតម្លៃពី៣០០០-៤០០០រៀល/គ.ក និងថែមទាំងមានតម្រូវការច្រើនពីកសិករក្នុងនិងក្រៅភូមិផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម