ថ្ងៃពុធ៨កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ និងទីប្រឹក្សាកម្មវិធី ចុះមូលដ្ឋានពិនិត្យការងារផ្ទាល់ស្ថិតនៅតំបន់គោលដៅរបស់កម្មវីធីក្នុងភូមិវត្តត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់។ ក្រុមការងារសង្កេតឃើញថាកសិករនៅក្នុងភូមិបានចាប់ផ្តើម ការរៀបចំដីស្រែរបស់ខ្លួនជាបណ្តើរ ក្នុងនោះកសិករបានរៀបចំភ្ជួររាស់រាបស្មើរបានល្អ បញ្ចូលទឹកសមល្មម និងការសាបព្រោះ ពូជតាមការណែនាំតាមអ្នកជំនាញបច្ចេកទេស កម្មវីធីASPIREប្រចាំខេត្តពោធិ៍សាត់ បានសហការជាមួយអ្នកផ្តល់សេវាកម្ម អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) ដើម្បីអនុវត្តគម្រោង ផលិតកម្មពូជស្រូវនិងចិញ្ចឹមមាន់ផ្សាភ្ជាប់ទីផ្សារ ហើយព្រឹកថ្ងៃនេះដែរ អង្គការEPDO បានចុះ ចែកបន្តពូជស្រូវសែនក្រអូប មិនប្រកាន់រដូវ នៅភូមិវត្តលាប ដល់កសិករសមាជិកក្រុមផលិតស្រូវពូជចំនួន៣០គ្រួសារដោយ១ គ្រួសារទទួលបានស្រូវពូជ១៥គីឡូក្រាមផងដែរ។ លោក សំរិទ្ធអ៊ុត នាយកប្រតិបត្តិអង្គការ EPDO បានធ្វើការសង្ខេបពីការអនុវត្តគម្រោងខាងលើដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ដែលគម្រោងនេះបានគាំទ្រដល់កសិករចំនួន៩ភូមិ មានកសិករទទួលផល ៤០០គ្រួសារ ក្នុងនោះគាំទ្រក្រុមផលិតពូជស្រូវចំនួន៤ភូមិ មានភូមិត្រពាំងថ្ម ភូមិវត្តលាប ភូមិត្រង់ និងធ្លាអំពិល និងគាំទ្របណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន៥ភូមិផ្សេងទៀត។
លោក ប្រធានមានមតិចូលរួមនិងផ្តាំផ្ញើរដល់កសិករផលិតពូជស្រូវ ឲ្យបង្កើនការយកចិត្តទុកដាក់ អនុវត្តការដាំដុះដំណាំស្រូវស្របតាមការណែនាំរបស់អ្នកបច្ចេកទេស ការប្រើប្រាស់ពូជសុទ្ធ ហើយជាពិសេសត្រូវធ្វើការកាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្មតាមដែលអាចធ្វើទៅបាន ដោយសារទីតាំងភូមិសាស្រ្តនេះមានលក្ខណៈអំណោយផល នៅជិតស្ទឹងនិងប្រភពទឹក ដោយសារដីមានជីជាតិ ដែលអាចផលិតស្រូវបានច្រើនរដូវ ។ លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់លើការអនុវត្តកសិកម្មល្អ ដើម្បីបង្កើនទិន្នផលខ្ពស់ និងធានានូវសុវត្ថិភាពចំណីអាហារដល់អ្នកប្រើប្រាស់ ។
គួរបញ្ជាក់ថាការផលិតពូជស្រូវនៅក្នុងភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់នេះ គឺទទួលបានផលជាមធ្យម៤ទៅ ៤.៥តោន/ហត ហើយកសិករលក់បានតម្លៃពី៣០០០-៤០០០រៀល/គ.ក និងថែមទាំងមានតម្រូវការច្រើនពីកសិករក្នុងនិងក្រៅភូមិផងដែរ។