ព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ លោកហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) បានដឹកនាំក្រុមការងារមន្ទីរ ទីប្រឹក្សាកម្មវិធី និងក្រុមហ៊ុន New Growth Farm រៀបចំវគ្គបណ្តុះបណ្តាល និងការថែទាំផ្ទះសំណាញ់ ដោយអនុវត្តផ្ទាល់នៅផ្ទះសំណាញ់ បន្ទាប់ពីបានតំឡើងរួច ស្ថិតនៅតំបន់គោលដៅរបស់កម្មវិធីក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់។ សរុបអ្នកចូលរួមបណ្តុះបណ្តាលចំនួន ៣៥នាក់/ស្រី ០៧នាក់ រួមមានកសិករផ្ទះសំណាញ់ ០៦នាក់ មន្រ្តីអនុវត្តកម្មវិធីASPIREថ្នាក់ (កសិកម្មស្រុក) ៤នាក់/ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ ចំនួន៦នាក់ មន្រី្តកម្មវីធីថា្នក់ខេត្ត ក្រុមប្រឹក្សាឃុំ ១នាក់ និងទីប្រឹក្សាទាំង៤នាក់ បានចូលរួមរៀនសូត្រ និងសម្របសម្រួលដំណើរបណ្តុះបណ្តាលនេះ។
ក្នុងឱកាសបើកកម្មវិធីបណ្តុះបណ្តាលផ្ទះសំណាញ់ លោកហៃ ធូរ៉ាអនុប្រធានមន្ទីរកសិកម្ម បានមានប្រសាសន៍សង្កត់ធ្ងន់ដល់អ្នកចូលរួមទាំងអស់ ជាពិសេសកសិករដែលទទួលបានផ្ទះសំណាញ់ត្រូវយកចិត្តទុកដាក់ ថែទាំផ្ទះសំណាញ់ ផលិតដំណាំឱ្យមានគុណភាពជាបន្លែដែលមានសុវត្ថិភាព អនុវត្តតាមគោល ការណ៍កសិកម្មល្អ និងផលិតកម្មឆ្លើយតបនិងតម្រូវការទីផ្សារដែលត្រូវការ និងជាប្រភេទបន្លែដែលមានតម្លៃថ្លៃ ដែលអាចផលិតបានគ្រប់រដូវកាល។ ការទទួលបាននូវផ្ទះសំណាញ់នេះជាឱកាសល្អ បំផុតសម្រាប់កសិករក្នុងចូលរួមផ្គត់ផ្គង់បន្លែនៅក្នុងតំបន់ និងក្នុងខេត្ត ដែលនឹងមានឱកាសចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញផលិតផលកសិកម្ម។
តំណាងក្រុមហ៊ុនបានផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសពីការប្រើ ប្រាស់ និងថែទាំផ្ទះសំណាញ់ ដល់កសិករទទួលផ្ទះសំណាញ់ទាំង០៦ នៅទីតាំងរួមគ្នាមួយកន្លែងដូចខាងលើ ដែលមាន ប្រធានបទសំខាន់ៗរួមមាន៖ ការប្រើប្រាស់ ការថែទាំ ការបញ្ជាទឹកតាមប្រព័ន្ធដំណក់ទឹក ការលាយនិងដាក់ជីស្រោចស្រព ការរៀបចំរងតាមប្រភេទដំណាំ និងការថែរក្សាស្បៃនិងផ្លាស្ទិក ព្រមទាំងការគ្រប់គ្រងផ្ទះសំណាញ់់ពីហានិភ័យអាកាសធាតុ ។ ជាកិច្ចបញ្ចប់កម្មវិធី លោកហៃ ធូរ៉ា និងក្រុមការងារបានចូលរួមចែកគ្រាប់ពូជ និងកូនដំណាំមួយចំនួនដល់កសិករសាកល្បងដាំដុះក្នុងផ្ទះសំណាញ់ ។ កសិករអាចសាកសួរការងារបច្ចេកទេសបន្ថែមបើមានចំងល់ ក្រុមហ៊ុននិងបន្តទំនាក់ទំនងបន្ថែម ដើម្បីពន្យល់ដល់កសិករផ្ទះសំណាញ់ ពេលអនុវត្តបន្តខណៈដែលជួបប្រទះការ លំបាកណាមួយដែលនឹងសហការណ៍ជាមួយអ្នកបច្ចេកទេសកសិកម្ម។