ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានសំណូមពរដល់ប្រជាកសិករទាំងអស់ត្រូវប្រើប្រាស់ពូជស្រូវទៅតាមការណែនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តដែលជាពូជស្រូវសុទ្ធល្អ មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ចំណាយថវិកាតិច និងមានតម្លៃនៅលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
~អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានសំណូមពរបែបនេះនៅក្នុងឱកាសដឹកនាំមន្ត្រី ចុះភ្ជួររាស់សាបព្រោះ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១៥០នាក់ ក្នុងគោលបំណងបើកដំណើរការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានរៀបចំជ្រើសរើសទីតាំងស្រែកសិករឈ្មោះឈិន ដា និងឈ្មោះ ប៊ុន ឌី រស់នៅភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្តៀងចំនួន១ហិកតា និង២៥អារ នាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០។ ឯកឧត្តម បានថ្លែងថា ជាទម្លាប់របស់ប្រជាកសិករយើងកន្លងមកតែងតែប្រើប្រាស់ពូជស្រូវទៅតាមតម្រូវការរបស់ខ្លួន តែមកដល់សម័យទំនើបនេះក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្សុទ្ធគ្រាប់ពូជស្រូវជាច្រើនប្រភេទ ដែលពូជទាំងនោះគឺមិនប្រកាន់រដូវ ចំណាយតិច ទទួលទិន្នផលខ្ពស់ និងមានតម្លៃលើទីផ្សារថែមទៀត ។ ជាក់ស្តែងថ្ងៃនេះរដ្ឋបាលខេត្តបានយកពូជ ស្រូវសែនក្រអូប សាបព្រោះ នៅទីនេះសម្រាប់ជាគម្រូបង្ហាញនិងឃើញពីការពិតដើម្បីឲ្យកសិករយើងយកទៅប្រើប្រាស់គ្រប់ក្រុមគ្រួសារ ប្រយោជន៍បង្កើនជីវភាពគ្រួសារ កាន់តែប្រសើរឡើង ។ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជូន បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះក៏ដូចទូទាំងខេត្តពោធិ៍សាត់ បានទទួលសមិទ្ធិផលជាច្រើន រួមមានទំនប់ស្ទាក់ទឹកទី៣ទី៥ ទំនប់និង ប្រឡាយមេដំណាក់អំពិល ចារឹក ដំណាក់ឈើក្រំនិងប្រឡាយរងតូចធំ ខ្វាត់ខ្វែងដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលទាំងរដូវប្រាំងនិងរដូវវស្សា ព្រមទាំងរួមគ្នាជួយថែរក្សាសមិទ្ធិផលនេះបានយូរអង្វែង។តាមរយៈនេះឯកឧត្តមក៏បានក្រើន រំលឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបង្ការទប់ស្កាត់អំពីជម្ងឺកូវីដ១៩ គោរពច្បាប់ចរាចរណ៍ ជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនិងបង្កើនការចិញ្ចឹមសត្វ ដាំដុះបន្លែបង្ការគ្រប់មុខតាមគ្រួសារនិមួយៗរួមចំណែកកាត់បន្ថយភាពក្រីក្រនិងបានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួមទាំង១៥០នាក់ក្នុងម្នាក់ៗសារុង ១ និងក្រមា១ ដែលជាអំណោយរបស់ឯកឧត្តមនិង សមាគនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់។
~លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា គិតមកដល់សប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០នេះការងារបង្កបង្កើនផលបានជាង៤១ពាន់ហិកតា ស្មើនឹង៣៦.១៣%លើផែនការជាង១១ម៉ឺនហិកតា។ដំណាំរួមផ្សំគ្រប់ប្រភេទសម្រេចបាន២៤៥ហិកតា ស្មើនឹង៦៧.០៥% លើផែនការ៣៩៨ហិកតា ហើយក្រៅពីនោះនៅមានដំណាំឧស្សាហកម្មគ្រួសារកសិករ ជាច្រើនដែលបាននឹងកំពុងទទួលផលជាបន្តបន្ទាប់។