ថ្ងៃសៅរ៍០៨រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងននេសាទ និងប្រតិភូអមដំណើរ ចេញពីខេត្តកំពង់ឆ្នាំងបានបន្ត ដំណើរមកខេត្តពោធិសាត់ដោយមានការទទួលស្វាគមន៍ និងជូនដំណើរពី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចុះត្រួតពិនិត្យអំពីវឌ្ឍនភាព របស់ សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
៚ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ដែលភាគច្រើនជាអ្នកផលិតស្រូវពូជបានឱ្យដឹងថាបច្ចុប្បន្នសហគមន៍មានសមាជិកចំនួន ៦១នាក់ មានភាគហ៊ុនចំនួន ២៣៤ និងដើមទុនសរុបចំនួនជាង ៥០លានរៀល។
៚ឆ្នាំ២០១៩ សមាជិកសហគមន៍បានផលិតគ្រាប់ពូជស្រូវសែនក្រអូប ដោយប្រើគ្រាប់ពូជគ្រឹះលើផ្ទៃដីចំនួន ៣ហត ទទួល បានទិន្នផលមធ្យមចំនួន ៣,៥០ត/ហត ធ្វើបានពីរដងក្នុង១ឆ្នាំ សម្រាប់ប្រើប្រាស់ខ្លួនឯង និងលក់ចែកចាយជូនសមាជិក និងកសិករផ្សេងទៀតទាំងក្នុង និងក្រៅភូមិផងដែរ។
៚ក្នុងគោល បំណងបង្កើនគុណភាពគ្រាប់ពូជស្រូវ សម្រាប់ឆ្នាំ២០២០ នេះ សហគមន៍បានសាកល្បងផលិតគ្រាប់ពូជស្រូវសែនក្រអូប វិញ្ញាបនបត្រ ដោយប្រើគ្រាប់ពូជគ្រឹះចំនួន ៤០kg លើផ្ទៃដី ៣ហត ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។ ដោយឡែក ការផលិតស្រូវចំណីវិញសហគមន៍ប្រើពូជសែនក្រអូបលើផ្ទៃដី ៦៥ហត ទទួលបានទិន្នផលមធ្យមជាង ៤ត/ហត ដោយអនុវត្តបាន ២-៣ដង/ឆ្នាំ ហើយតម្លៃស្រូវសើមពី ៩០០-១ ២០០រ/kg។ លោក ជា សុគន ជាសមាជិកសហគមន៍បានឱ្យដឹងថា គាត់បានចូលរួមក្នុងការផលិតគ្រាប់ពូជស្រូវ និងស្រូវចំណីនេះផងដែរ លើផ្ទៃដី ៥ហត ដោយទទួលបានទិន្នផលជាមធ្យម ៤ត/ហត។ ជាទូទៅ សហគមន៍នេះ ប្រើ ប្រាស់ប្រព័ន្ធស្រោមស្រពចារឹកដែលមាន ប្រភពពីស្ទឹងពោធិ៍សាត់។
៚ក្រៅពីដំណាំស្រូវ សមាជិកសហគមន៍មួយចំនួនបានចិញ្ចឹមមាន់យកសាច់ យកស៊ុតភ្ញាស់កូន និងជ្រូកយកសាច់ជាលក្ខណៈគ្រួសារ ហើយនិងកំពុងតភ្ជាប់បណ្ដាញ អគ្គីសនីអនុគ្រោះថ្លៃផលិតកម្មកសិកម្មសម្រាប់បម្រើការស្រោច ស្រពទឹកលើដំណាំកសិកម្ម។
៚៚ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់សមាជិក ធ្វើឱ្យកម្រិតជីវភាពត្រូវបានលើកកម្ពស់យ៉ាងល្អប្រសើរ។ លោកបានបន្តទៀតថា នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឃើញប្រជាពលរដ្ឋដែលបាន និងកំពុងជ្រកក្រោមម្លប់សុខសន្តិភាពនេះ រស់នៅប្រកបដោយភាពសុខសាន្ត ជីវភាពសម្បូរសប្បាយ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។ ចំពោះផលិតកម្មដំណាំស្រូវទាំងស្រូវពូជ និងស្រូវចំណី ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យសហគមន៍អនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាតម្លៃ និងនិរន្តរភាព នៃបរិមាណផ្គត់ផ្គង់។
៚៚៚ ដោយឡែកចំពោះការងារបច្ចេកទេស លោកស្នើឱ្យសហគមន៍ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើប្រាស់ឩបករណ៍ព្រោះស្រូវ (drumseeder) ដោយភ្ជាប់ជាមួយគោយន្ត ប្រយោជន៍ចំណេញពេល ពលកម្ម ងាយស្រួលកំចាត់ស្មៅចង្រៃ និងទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវកែសម្រួលប្រឡាយស្រោចស្រព ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ដែលត្រូវធ្វើយ៉ាងណាបូមទឺកម្តងឲ្យបានចូលស្រែតែម្តង ជៀសវៀងបូមពី ពីរ ទៅបីដងទើបចូលស្រែ ដែលត្រូវចំណាយថវិកាអស់ច្រើន។