ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានអញ្ជើញចុះទៅពិនិត្យសកម្មភាពចិញ្ចឹមកង្កែប របស់របស់ លោកស្រី ស សុភា ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកស្រី សុ ភា បានបញ្ជាក់ថា រូបលោក ស្រីផ្ទាល់ ធ្លាប់ជាពលករ ដែលទៅបម្រើការងារ នៅប្រទេសថៃ ច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយពីត្រឡប់ មកស្រុកកំណើតវិញ ដោយមើ់លឃើញពីសក្តានុពលក្នុងការ ប្រកបរបរកសិកម្ម (វារីវប្បកម្ម) ក៏ជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផង លោកស្រីក៏ បានចាប់ផ្តើមចិញ្ចឹមកង្កែបដើម្បីរកចំណូលសម្រាបផ្គត់ផ្គង់ក្នុងគ្រួសារ ។ បច្ចុប្បន្ន នេះលោកស្រី បានចាប់ផ្តើមអនុវត្តចិញ្ចឹមកង្កែបចំនួន ១.០០០ក្បាល ដោយបានទិញពូជ មកពីខេត្តចំនួនពីរ គឺខេត្តបន្ទាយមានជ័យទិញក្នុងតម្លៃ ៣០០រៀល/០១ក្បាល និងខេត្តបាត់ដំបងក្នុងតម្លៃ ៥០០រៀល/០១ក្បាល។ ក្រៅពីការចំណាយទៅលើការទិញកូន គាត់បានចំណាយទៅលើទ្រុងទំហ៊ំ២មx៣ម ចំនួន ៨០.០០០រៀលបន្ថែម ។
លោកស្រីបានបញ្ជាក់ទៀតថា ក្នុងពេលបច្ចុប្បន្ន ការចិញ្ចឹមនៅមានចំនួនតិចតួចជាលក្ខណៈគ្រួសារ (លក្ខណៈសាកល្បង)នៅឡើយ តែ បើជោគជ័យ នៅពេលអនាគតនឹង ពង្រីកមុខរបរនេះឲ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារនិងលើកកំពស់ជីវភាព០១កំរិតទៀតនិងជាពិសេស មិនចំណាកស្រុកទៅរកស៊ីនៅក្រៅប្រទេសទៀតឡើយ។
ចំពោះតម្លៃបោះដុំកង្កែបស្រស់ នៅលើទីផ្សារ គឺ ១០.០០០រៀល/គ.ក។
~ក្រៅពីចិញ្ចឹមកង្កែប លោកស្រី ក៍បានដាំខ្ទឹមយកស្លឹកផងដែរ ដោយបានដាំដុះលើរងប្រវែង(ទទឹង ១,២ម និងបណ្តោយ ១០ម)ចំនួន ១២រង ផងដែរ។ ជាធម្មតាស្លឹកខ្ទឹមអាចប្រមូលផល ក្នុងរយៈពេល ៤០ថ្ងៃ ក្រោយពេលដាំ។ តម្លៃស្លឹកដែលលក់នៅលើទីផ្សារគឺមានតម្លៃចន្លោះពី ៥.០០០រៀល ទៅ៧.០០០រៀលក្នុង០១គ.ក្រ ទៅតាមទីផ្សារ និងជាប្រភេទដំណាំមួយប្រភេទដែលងាយស្រួល ដាំ និងទទួលផលបានឆាប់រហ័ស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម