មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ចុះពិនិត្យមើលសកម្មភាពចិញ្ចឹមបង្កង នៅកសិដ្ឋានចិញ្ចឹមបង្កង ភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
153

ព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយនឹងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបាកាន ចុះពិនិត្យមើលសកម្មភាពចិញ្ចឹមបង្កង នៅកសិដ្ឋានចិញ្ចឹមបង្កងឈ្មោះ«កសិដ្ឋានចិញ្ចឹមបង្កងខេត្តពោធិ៍សាត់» នៅភូមិ ព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។  ម្ចាស់កសិដ្ឋានលោក អាន តឺន បានឱ្យដឹងថាលោកបានចាប់ផ្តើមមុខរបរចិញ្ចឹមនេះចាប់តាំងពី ខែធ្នូ ឆ្នាំ២០១៩ មកម្លេះ ដោយដំណើរការដំបូងលោកបានចាប់ផ្តើមសាងសង់អាងចំនួន ០៣ អាង និងដាក់ចិញ្ចឹមបង្កងមេចំនួន ១០ គ.ក្រ ស្មើនឹង ២០០ ក្បាល ព្រមទាំងកូនចំនួន ២.០០០ ក្បាល និងបានទិញពូជពីខេត្តបាត់ដំបង់ ហើយបច្ចុប្បន្នបានពង្រីកបន្ថែមរហូតដល់ ១២ អាង។ លោកបានបញ្ជាក់ទៀតថា គោលដៅនៅក្នុងការចិញ្ចឹមនេះ គឺផលិតកូន សម្រាប់ផ្គត់ផ្គង់ទៅដល់អ្នកចិញ្ចឹមផ្សេងទៀត ដែលចង់យកសាច់ចែកចាយនៅលើទីផ្សារ។ កូនបង្កងដែរលោកផលិត លក់ចែកចាយនៅលើទីផ្សារបច្ចុប្បន្ន មានតម្លៃ ២.០០០ រៀល ក្នុងមួយក្បាល និងមានការបន្ធូបន្ថយតម្លៃទៅតាមចំនួនដែល ភ្ញៀវបញ្ជារទិញ។ លោកក៏បានឱ្យដឹងទៀតថា កាលពីមុនលោកធ្លាប់រស់នៅប្រទេសថៃ ដោយធ្វើការជាពលករស៊ីឈ្នួលឲ្យគេ តែដោយបានមិត្តភ័ក្កដែលជាអ្នកធ្វើការនៅកសិដ្ឋានចិញ្ចឹមបង្កង តែងតែងហៅលោកទៅមើលអំពីបច្ចេកទេស ទើបធ្វើឱ្យលោកមានគំនិតចង់បង្កើតមុខរបរនេះដោយខ្លួនឯង។
ជាចុងក្រោយ លោកបានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ បើ ទោះបីជាមិនទាន់ទទួលបានផលចំណេញច្រើនពីការចិញ្ចឹមបង្កងក៏ពិតមែន ប៉ុន្តែវាអាចទប់ទល់ទៅនឹងការចំណាយប្រចាំថ្ងៃបានល្អ និងសង្ឃឹមថាទៅថ្ងៃខាងមុខ របរនេះនឹងធ្វើឱ្យគ្រួសាររបស់លោក មានជីវភាពធូរធារបើធៀបនឹងពេលពីមុន។

ចំនួនអ្នកចូលទស្សនា
Flag Counter