មាតិកា
ចុះពិនិត្យស្ថានភាព ការបង្កាត់គោ ចិញ្ចឹមគោ និងការដាំដំណាំស្មៅចំណីសត្វរបស់កសិករ ឈ្មោះ ឡុង សៅ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ សីហា ២០២០
583

ថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹក នាំក្រុមជំនាញបច្ចេកទេស នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យស្ថានភាព ការចិញ្ចឹមគោ និងការដាំដំណាំស្មៅចំណីសត្វរបស់កសិករ ឈ្មោះ ឡុង សៅ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។តាមការលើកឡើង របស់ លោក ឡុង សៅ គាត់បានចិញ្ចឹមគោ និង មានបទពិសោធន៍ យូរឆ្នាំមកហើយ ហើយនៅមុនឆ្នាំ២០១២ ការចិញ្ចឹមគោ គឺសម្រាប់តែប្រើប្រាស់ជាកម្លាំងអូសទាញតែប៉ុណ្ណោះ ដូចជាប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងភូមិនេះ ដែរ ដោយមិនបានគិតដល់ការរកចំណូលអ្វីពីការចិញ្ចឹមគោនោះទេ។តែក្រោយមកនៅឆ្នាំ២០១២ មក ដោយហេតុថាលោកជាមនុស្សស្រឡាញ់សត្វគោ និងបានទទួលបានការណែនាំពីសំណាក់អ្នកជំនាញបង្កាត់គោសប្បិនិម្មិតនៃការិយាល័យផលិតកម្ម និងបសុព្យាលបាលខេត្តពោធិ៍សាត់ លោកក៏ចាប់ផ្តើមទទួលការបង្កាត់គោជាលើកដំបូងនៅឆ្នាំ ២០១២ភ្លាមៗ ផងដែរ។ អំឡុងពេលនោះលោក មានមេគោចំនួន ០៧ក្បាល នឹងបានបង្កាត់សិប្បនិម្មិតជាមួយនឹងស្ពែមគោ ដូចជា ប្រាម៉ាន់ 
ស៊ីមប្រា សាន់តា និងឥណ្ឌូប្រេស៊ីល ដោយទទួល បានកូន ជាប្រភេទពូជកាត់ល្អទៅតាមប្រភេទ ស្ពែមដែលបានដាក់។ បច្ចុប្បន្ន គោដែលលោកបានចិញ្ចឹម កំពុងទទួលបានការចាប់អារម្ភច្រើន ពីសំណាក់ឈ្មួញ និងអ្នកចិញ្ចឹមដូចគ្នា ដែលគោរបស់លោកអាចលក់បានតម្លៃជាមធ្យម ៦ ០០០ ០០០ រៀលនៅក្នុងមួយក្បាល។ គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្នគោដែលលោកបានលក់មានចំនួន ០៩ក្បាលរួមមកហើយ។ ជាមួយគ្នានេះដែរ កត្តាដែលជួយឱ្យលោកទទួលបានជោជ័យក្នុងការចិញ្ចឹមគោដូចសព្វថ្ងៃ គឺលោកមានបទពិសោន៍គ្រប់គ្រាន់ផ្នែកបង្កាត់ និងការបង្កើតប្រភពចំណី ដោយខ្លួនឯង តាមរយៈការដាំដំណាំចំណីសត្វ។ ប្រភេទដំណាំស្មៅជា ចំណីដែលលោកបាន ដាំរួមមាន៖ ប៉ាសស្ប៉ាលូម ស៊ីម៉ូង និងស្មៅបារាំង ដោយបានដាំដុះនៅលើផ្ទៃដី ៤០ អារ។ 
ជាចុងក្រោយ លោកសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាល ដែលបានធ្វើការណែនាំ ឱ្យលោកប្រើប្រាស់វិធីបង្កាត់គោសិប្បនិមិ្មត ដើម្បីទទួលបានពូជគោល្អ ងាយស្រួល និងមិនងាយឆ្លងជំងឺផ្សេងៗ ដែលកន្លងមកលោកតែងតែជួបប្រទះ។ លើសពីនេះក្រុមការងារបានវាយតំលៃខ្ពស់ ថាៈ ការចិញ្ចឹមគោតាមរយៈការដាំស្មៅចំណី ដោយខ្លួនឯង និងបង្កាត់បែបសិប្បនិម្មិតនេះបានជួយឱ្យតំលៃគោមានតម្លៃសមរម្យ ដែលអាចជួយឱ្យជីវភាពគ្រួសាររបស់លោកមានភាពធូរធាជាងពេលមុនបាន០១កម្រិត។

ចំនួនអ្នកចូលទស្សនា
Flag Counter