នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ឈាន វាសនា អភិបាលរងនៃគណៈអភិបាល ស្រុកភ្នំក្រវាញ និងលោក ផាត់ សារុន ប្រធានការិយាល័យ រួមជាមួយ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាលបាល និងអជ្ញាធរមូលដ្ឋាន បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ~ក្របី សរុបចំនួន ៣០១ក្បាល (ក្របី១២ក្បាល) ភូមិសំរោង២ និងភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ព្រមទាំងបន្តផ្សព្វផ្សាយបន្ថែមអំពីផលប៉ះពាល់ នៃជំងឺប៉េស្តជ្រូក អាហ្វ្រិក ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ គោ~ក្របី និងភ្នាក់ងារ សុខភាពសត្វភូមិ។ គួរបញ្ជាក់ផងដែរថា ការធ្វើវ៉ាក់សាំងនេះ គឺធ្វើឡើងដើម្បីជាវិធានការទប់ ការឆ្លងរាតត្បាតនៃជំងឺ សារទឹក គោ ក្របី ឬហៅថា ជំងឺត្បៀតករ ហើមពោះ។
នាឱកាសនោះ លោក ឡាយ វិសិដ្ឋ ក៏បានណែនាំ និងលើទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចិញ្ចឹម គោ ក្របី សូមថែទាំសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យបានល្អ ដើម្បីចៀសវាង មានជំងឺ និងស្លាប់ ដែលជាហេតុធ្វើឱ្យខាតបង់ចំណូលក្នុងគ្រួសារ។
ជាងនេះទៅទៀត លោកក៏សូមឱ្យ ប្រជាពលរដ្ឋទាំងអស់ពិចារណា ផ្លាស់ប្តូរពីការចិញ្ចឹមបែបលក្ខណៈគ្រួសារ (សម្រាប់លម្អ ឬជាកម្លាំងអូសទាញ) មកជាការចិញ្ចឹមបែបផលិតកម្មអាជីវកម្ម ក្នុងគោលបំណងផលិតជាសាច់ ដែលមានគុណភាព និងមានតម្លៃខ្ពស់ តាមរយៈការជ្រើសរើសមេល្អ មកបង្កាត់សិប្បនិម្មិត ដែលជាវិធីងាយស្រួល មានសុវត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់។