នៅថ្ងៃច័ន្ទ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោកស្រី សួង កញ្ញា មន្រ្តីទទួលបន្ទុក ដំណាំបន្លែប្រចំាស្រុកកណ្តៀងបានចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករ និងណែនាំកសិករអំពីពូជតម្រូវ ទីផ្សារ ,ការគ្រប់គ្រងកត្តាចង្រៃ និងការប្រមូលផលដំណាំតាមបច្ចេកទេសGAP ដល់កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។កសិករ តាន់ សេងលីបានបញ្ជាក់ថាៈ គាត់បានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី ៦អា ដោយចំណាយផលិតកម្ម ដូចជា:ការរៀបចំដី ~គ្រាប់ពូជ ~ជីទ្រាប់បាត ~ទុយោបូមទឹក ~ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុប ៣៨៥.០០០រៀល /១វគ្គដំណាំ។លោកបានបន្ថែមថា ដំណាំស្ពៃក្រញ៉ាញ់ ដាំរយៈពេលតែ ៣៥-៤០ថ្ងៃ ប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និង ទទួល បានទិន្នផលសរុប ១.៤៤០គ.ក្រ លក់ក្នុងតម្លៃ ២.៥០០រៀល/គ.ក្រ ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ ៣.០០០រៀល/គ.ក្រ។ ចំណែកផលចំណេញបាន ៣.២១៥.០០០រៀល ក្នុងពេលដំា១លើក ។ ក្រៅពីនេះ គាត់មានដាំដំណាំបន្ថែមនិងកំពុងនៅដំណាក់កាលថែទាំមិនទាន់បានប្រមូលផល ដូចជា ខាត់ណាដើម ចំនួនផ្ទៃដី ៤អា ដំណាំត្រឡាចចំនួនផ្ទៃដី ៣អា ដំណាំសាលាដ ចំនួនផ្ទៃដី ៣អា និងត្រកួន ផ្ទៃដី២អាផងដែរ។ តាមការសាកសួររបស់ក្រុមមន្រ្តីបានលើកថា កសិករនិងខិតខំ ពង្រីកការដំាបន្លែបន្ថែម ព្រោះការដាំ បន្លែអាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃសម្រាប់ជីវិតជាកសិករប្រកបរបរកសិកម្ម ប្រសើរជាជាង ធ្វើចំណាកស្រុក ដែលនាំអោយ មានផលលំបាកច្រើន ជួនកាលមិនសមប្រកបមិនអាចមានថវិកាត្រលប់មកផ្ទះវិញ ផង ម៉្យាងទៀតប្រទេសលើសកលលោក កំពុងជួបវិបតិ្តការរីក រាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសជិតខាងបិទច្រកព្រំដែន និងរក្សាភាពប្រុងប្រយ័ត្ន មិនអាចឱ្យប្រជាជនចូលទៅធ្វើការក្រៅប្រទេសបាន។ ក្រុមបច្ចេកទេសបានបំផុសឱ្យកសិករជំរុញ ការដំបន្លែដែលមានរយៈពេលខ្លី អាចជួយបង្កើនចំណូលគ្រួសារ បានច្រើន នាសម័យនេះ ។