មាតិកា
ពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ ចំនួន៤០គ្រួសារ នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ សីហា ២០២០
565

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាប្រធាន អនុកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាអនុប្រធានអនុកម្មវិធី Aspireខេត្ត លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោក រស់ ឡា ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ លោក ហ៊ឹម ហេន ក្រុមប្រឹក្សាឃុំត្នោតជុំ ព្រមទាំងមានការចូលរួមពី មន្រ្តីបច្ចេកទេស កម្មវិធីASPIRE  ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ។
ក្នុងពិធីខាងលើលោកប្រធានមន្ទីរ បានមានមតិផ្តាំផ្ញើរ និងណែនាំ ដល់សមាជិកក្រុមបណ្តុំស្រូវដូចតទៅ៖
១. សុំឲ្យពិនិត្យតាមដានឲ្យបានទៀងទាត់នូវ ដំណាំស្រូវ ដើម្បីដឹងពីបញ្ហាកើតមាន នឹងចាត់វិធានការទាន់ពេលវេលា។
២. ត្រូវចេះទំនាក់ទំនងជាមួយ អ្នកទិញ ឬ សួរព័ត៌ពីតម្រូវការស្រូវ មុនពេលដាំដុះ ដើម្បីធានានូវតម្លៃបានសមរម្យ 
៣. ការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម ឲ្យស្របតាមបច្ចេកទេស ពេលវេលា និង ត្រូវអានការណែនាំដែលមានសរសេរនៅលើសំបកវេចខ្ចប់ដោយប្រុងប្រយ័ត្នដើម្បីធានាដល់សុវត្ថិភាពក្នុងពេលប្រើប្រាស់។  
៤. សុំឲ្យមានការដាំដុះដំណាំបន្លែ ឬដំណាំរួមផ្សំផ្សេងៗទៀតលើដីទំនេរឬដីទួល ដើម្បីទទួលបាននូវបន្លែសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងជាចំណូលបន្ថែមផងដែរ
ជាកិច្ចបញ្ចប់ គណអធិបតីបានធ្វើការចែកធាតុចូល ដល់កសិករបណ្តុំអាជីវកម្ម មានដូចជាជីគីមីUREA ជីNPK និងថ្នាំបាញ់ស្មៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter