ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ក្រោយពីបានចុះពិនិត្យឃើញទិដ្ឋភាពនៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ័សាត់។
៚៚ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះមុខបានបញ្ជាឲ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបញ្ចេញស្រូវពូជចំនួន ២៩តោន ជាបន្ទាន់យកមកដោះស្រាយបឋមជូនប្រជាកសិករ។ តាមការប៉ាន់ប្រមាជា បឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថាខេត្តពោធិសាត់ត្រូវ ការស្រូវពូជប្រហែល ៦០០តោន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៤០២ សណន. កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី "ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម" ។
៚៚៚យោងលើរបាយការណ៍របស់មន្ទីរបានបង្ហាញថា បច្ចុប្បន្នខេត្តពោធិសាត់កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករ ក្នុងស្រុក/ក្រុងចំនួន ៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិសាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន ១៤៥ ៣៤២ហ.ត ក្នុងនោះផ្ទៃដីចំនួន ២៦ ៩៥០ហ.ត ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦ ១៤៣ហ.ត ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០ ០៨២ហ.ត និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន ២ ៤៩៤ហ.ត។