មាតិកា
ឯកឧត្តម វេង សាខុន​​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
114

ថ្ងៃសៅរ៍៦ រោច ខែមិគសិរ​ ឆ្នាំ ជូត​ទោស័ក​ ពស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែ វិច្ឆិកា​ ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន​​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីចុះមកឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរ​ និងក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងប្រជាកសិករជាម្ចាស់ស្រែ  ។ 
៚តាមរយៈសេចក្តីរាយកាណ៍​ពី លោកប្រធានមន្ទីរ បានលើក ឡើងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ក្នុងចំណោមខេត្តដែល នៅជាប់បឹងទន្លេសាប បានទទួលរងនូវគ្រោះមហន្តរាយនៃទឹកជំនន់ធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:របស់បងប្អូនប្រជាកសិកររបស់យើង ដែល បានទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរគឺស្រុកបាកានមានផ្ទៃដីដំណាំស្រូវខូចខាត ៩ ៨៨២ហ.ត ស្រុកកណ្តៀងមាន ៨ ៧៥១ហ.ត និងក្រុងពោធិ៍សាត់មាន ៦ ៧៥៣ហ.ត។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះស្រុកបាកាន ផ្ទៃដីដំណាំស្រូវខូចខាតត្រូវបានស្តារឡើងវិញចំនួន ៣ ១០២ហ.ត ស្រុកកណ្តៀងស្តារបាន ៦ ១៧៦ហ.ត និងក្រុងពោធិ៍សាត់ស្តារបាន ១ ៣៤២ហ.ត។ 
៚៚ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការបង្កើតមុខរបរថ្មីដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅស្រុកបាកានតាមរយៈវិស័យកសិកម្ម ដោយផ្តោតលើសកម្មភាពសំខាន់ដូចជាការចិញ្ចឹមត្រីអណ្តែង ដោយប្រើថង់ផ្លាស្ទិច ការចិញ្ចឹមមាន់យកសាច់ និងការភ្ញាស់កូនមាន់សម្រាប់លក់ដើម្បីជួយបន្ថែមស្តារជីវភាពឡើងវិញក្រោយពេលរងប៉ះពាល់ទឹកជំនន់ ។
៚៚៚បើតាមការសង្កេតជារួម បងប្អូនប្រជាកសិកររួតរះ ភ្ជួររាស់ព្រោះស្រូវដើម្បីស្តារដំណាំស្រូវឡើងវិញឲ្យបានទាន់ពេល។ ខ្លះបានព្រោះពូជស្រូវរួចរាល់ដុះប្រដេញគ្នាជាបន្តបន្ទាប់ គ្រួសារខ្លះទៀតកំពុងរៀបចំដី និងត្រៀមពូជស្រូវដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហើយត្រូវបានយកមកចែកជូនបងប្អូនប្រជាកសិករដោយឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី៧  ខែវិច្ឆិកាកន្លងមក។  
៚៚៚៚ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកតាមដានសកម្មភាពស្តារផលិតកម្មដំណាំស្រូវតាមខេត្តគោលដៅរបស់ខ្លួន ក្នុងបំណងធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារនាពេលអនាគត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពង្រឹងកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបានល្អប្រសើរ ដើម្បីធានាបានការប្រមូលផលស្រូវនាពេលខាងមុខស្ថិតក្នុងកម្រិតខ្ពស់។ ដោយឡែកម្ចាស់ស្រែ ត្រូវឧស្សាហ៍ចុះស្រែពិនិត្យមើលថែទាំស្រូវ (ទឹក ស្មៅ និងសត្វល្អិតចង្រៃ) ហើយក្រៅពីការងារស្រែ យើងគួរតែដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដែលអាចធានាសន្តិសុខស្បៀងក្នុងគ្រួសារបាន(ដំណាំអ្វីដែលប្រើទឹកតិច និងរយ:ពេលខ្លី)។

ចំនួនអ្នកចូលទស្សនា
Flag Counter