ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកិច្ចប្រជុំស្តីពី"ការបង្ហាញរបាយការណ៍បូក សរុបលទ្ធផលការងារកសិកម្ម២០២០ លើកទឹសដៅបន្តនិងផែនការយុទ្ធសាស្ត្រវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ "។
កិច្ចប្រជុំនេះដឹកនាំដោយ អង្គការស្រែខ្មែរ ដែលមានការចូលរួមពីតំណាងមន្ទីរចំនួន ២រូប គឺ លោក សៅ វណ្ណៈ ជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក អ៊ុក សុធា ជាអនុប្រធានការិយាល័យផែនការ-គណនេយ្យ និងគណៈកម្មការសហគមន៍ សរុប ៣១ នាក់/ស្រី១១ នាក់ ។
គោលបំណងនៃកិច្ចប្រជុំគឺ ៖
១. អោយសហគមន៍មានទំនាក់ទំនងល្អជាមួយមន្ទីរ និងចេះលើកឡើងពីបញ្ហា ឧបសគ្គ តម្រូវការ និងលើកទិសដៅទៅមុខ ក្នុងការគាំទ្រដល់អាជីវកម្មរបស់សហគមន៍កសិកម្ម (AC ) ក្រុមស្ត្រីផ្តល់សេវាកម្មកសិកម្ម (WLAS) ក្រុមសន្សំប្រាក់ ( SFC ) ទទួលបានការអភិវឌ្ឍន៍ជីវភាពប្រកបដោយចីរភាពក្រោយពេលអង្គការស្រែខ្មែរមានផែនការយុទ្ធសាស្ត្រដកថយគម្រោង ។
២.ជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម ជាពិសេសស្ត្រី ដើម្បីឱ្យពួកគាត់មានឱកាសកាន់តែច្រើនឡើងក្នុងការអនុវត្តបច្ចេកទេសកសិកម្មតាមរយៈឱកាសចូលរួមជាមួយអ្នកផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម (មន្ទីរជំនាញ ) បច្ចេកទេសក្នុងការទទួលបានព័ត៌មានទីផ្សារកសិកម្មនិងឱកាសទទួលបានសមភាពយេនឌ័រក្នុងវិស័យកសិកម្ម ។