ថ្ងៃអង្គារ៍៨រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត (កម្មវិធីASPIRE) បានដឹកនាំរៀបចំកម្មវិធីវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) នៃបណ្តុំអាជីវកម្មបន្លែ ដែលបានចងក្រងនិងរៀបចំរួច នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សមាសភាគចូលរួមសំខាន់ៗក្នុង
វេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគីនេះ មានសមាជិកបណ្តុំអាជីវកម្ម តំណាងភាគីអ្នកប្រមូលទិញ អ្នកផ្តត់ផ្គង់ធាតុចូលកសិកម្ម អាជ្ញាធរមូលដ្ឋាន (ក្រុមប្រឹក្សាឃុំរំលេច) និងក្រុមការងារអនុវត្តអនុកម្មវិធី រួមមាន លោកហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកឃួន កាន់មន្រ្តីទីផ្សារកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយឃុំ មន្រ្តីនិងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន និងលោកស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធី។ តំណាងក្រុមបណ្តុំអាជីវកម្មបានបង្ហាញពីសក្តានុពល និងផលិតភាពផលិតកម្មដំណាំបន្លែរបស់សមាជិកក្រុមបណ្តុំអាជីវកម្មទាំងអស់ រួមទាំងផ្ទៃដី និងបរិមាណអាចផលិតបាន និងការលក់ផលិតផលដល់តំណាងអ្នកប្រមូលទិញ ជាមួយនិងយន្តការទីផ្សារ ក្រោមកិច្ចសន្យផលិតកម្មកសិកម្ម ។ បន្ទាប់ពីការពិភាក្សាអ្នកតួអង្គសំខាន់ៗនេះមក ក្រុមបណ្តុំអាជីវកម្មបានឯកភាពគ្នាក្នុងការផលិតតាមគ្រួសារ និង លក់ជាលក្ខណៈប្រមូលផ្តុំ តាមកិច្ចសន្យា និងនៅទីតាំងប្រមូលផ្តុំផលិតផលកសិកម្ម (ដែលបានកំពុងដំណើរការសាងសង់) ដើម្បីបង្កភាពងាយស្រួលដល់ការប្រមូលផលរួមគ្នា និងការលក់តាមកិច្ចសន្យា ដែលកិច្ចការនេះ ក្រុមការងារអនុវត្តអនុកម្មវិធីនឹងបន្តសម្របសម្រួលក្នុងការរៀបចំកិច្ចសន្យាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីបន្ទាប់៖ ក្រុមការងារបានបន្តចុះពិនិត្យចំការដំណាំកសិករដែលបានដាំត្រសក់ ដែលជាសមាជិកបបណ្តុំអាជីវកម្ម និងដំណាំផ្សេងៗទៀត ក្នុងភូមិខាងលើជាមួយម្ចាស់ច្បារដំណាំបន្លែ ។ ពិនិត្យមើលការដាំដំណាំក្នុងផ្ទះសំណាញ់ ក្នុងភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន និងការសាងសង់កន្លែងប្រមូលផ្តុំផលិតផលកសិផល (ដំណាក់កាលដំបូង ជំហាន២) ក្នុងការរៀបចំគ្រឹះសំណង់ ។