ថ្ងៃអង្គារ៍ ៧រោច ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារកម្មវិធីASPIREបានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីការគ្រប់គ្រងទិន្នន័យក្នុងMIS ការវាយតម្លៃសមត្ថភាពបណ្តុំអាជីវកម្ម និងការគ្រប់គ្រងប្រើប្រាស់មណ្ឌលប្រមូលផ្តុំ កសិផលសម្រាប់បណ្តុំអាជីវកម្ម ដល់ក្រុមការងារ អនុវត្តអនុកម្មវិធីថ្នាក់ស្រុកនិងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីរៀបចំការងារនៅមូលដ្ឋានឱ្យមានទាន់ ពេលវេលា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកម្មវិធីASPIRE ខេត្តពោធិ៍សាត់។ លោកប្រធានបានមានមតិក្នុងវិធីបើកកម្មវិធីដោយសង្កត់ធ្ងន់លើការវាយតម្លៃបណ្តុំអាជីវកម្មប្រកបដោយតម្លាភាព មានការចូលរួមពីសមាជិក បណ្តុំអាជីវកម្ម ដោយការវាយតម្លៃដោយត្រូវ ឈរលើមូលដ្ឋាននិងលក្ខណៈវិនិច្ឆ័យដែលបាន កំណត់ដោយក្រុមការងារលេខាធិការដ្ឋាន និងការដាក់ចំណាត់ថ្នាក់ឱ្យបានច្បាស់លាស់ ដើម្បីវាស់ស្ទង់ពីភាពខ្លាំង មធ្យម ឬខ្សោយ របស់បណ្តុំអាជីវកម្ម ២០១៨-២០២០ កន្លងមកដែលមាន៦៣បណ្តុំអាជីវកម្ម។ ដោយឡែក អគារប្រមូលផ្តុំផលិតផល ត្រូវរៀបចំ យន្តការគ្រប់គ្រងឱ្យបានច្បាស់លាស់ រួមមាន រចនាសម្ព័ន្ធ ការប្រមូលនិងគៀងគរធនធាន សម្រាប់ការប្រើប្រាស់ប្រតិបតិ្ត ការរៀបចំ បទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាជាមួយម្ចាស់ដី ក្នុងរយៈពេលកំណត់មួយ។
បន្ទាប់មកក្រុមការងារមាន លោកហ៊ន់ សុវណ្ណ ទទួលបន្ទុកការងារ បច្ចេកទេសM&E និងលោក ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានធ្វើ បទបង្ហាញគោលការណ៍ណែនាំពី របៀបវាយតម្លៃបណ្តុំអាជីវកម្ម ការគ្រប់គ្រងនិងប្រើប្រាស់ អគារប្រមូលផ្តុំ កសិផលនិងការគ្រប់គ្រងទិន្នន័យក្នុងMIS ។ ជាកិច្ចបិទកម្មវិធី លោកហៃ ធូរ៉ា អនុប្រធានមន្ទីរ បានស្នើសុំដល់ក្រុមការងារថ្នាក់ស្រុក និងភ្នាក់ងារ ផ្សព្វផ្សាយឃុំ ចុះរៀបចំសម្របសម្រួល និងអនុវត្តការងារឱ្យបានទាន់ពេលវេលា ក៏ដូចជាការពង្រឹងបណ្តុំអាជីវកម្ម និងការផលិត ឆ្លើយតបតាមតម្រូវការ និងសូមអនុវត្ត ការងារតាមផែនការដែល បានកំណត់ ឱ្យបានមុនពាក់កណ្តាលខែតុលា ២០២១។