ថ្ងៃអង្គារ៍១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញ ទាក់ទងការផ្ត្តល់សេវាច្រកចេញចូលរដ្ឋបាល ខេត្តបានចូលរួម កិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដាសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញ(Zoom)ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
របៀបវារៈនៃកិច្ចប្រជុំ
១.ផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤០៤ សសរ.កសក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរ
ការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២.ពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដាសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម កៅ ផល ឯកឧត្តម ឃុន សាវឿន អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សរុបប្រមាណ១៣០នាក់។
សូមជម្រាបជូនផងដែរថា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ១៨២ លេខ១៨៣ លេខ១៨៤ អនក្រ.បក ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ទេរមុខងារតាមបែបប្រគល់ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមមាន ការងារកសិកម្ម ការងារសុខភាពសត្វនិងផលិតកម្មសត្វ ការងារព្រៃឈើ ការងារជលផល និងការផ្តល់សេវារដ្ឋបាលផ្នែកកសិកម្ម(ជី និងថ្នាំកសិកម្ម) ផ្នែកផលិតកម្ម និងបសុព្យាបាល (វិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ) និងផ្នែកវារីវប្បកម្ម។