មាតិកា
កិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន របស់ក្រុមការងារ និងអនុក្រុមការងារ ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ ធ្នូ ២០២១
66

ថ្ងៃអង្គារ៍២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ ក្រុមការងារមន្ទីរ ជាសមាជិកទទួលបន្ទុកស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្តៀង បានចូលរួម កិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន របស់ក្រុមការងារ និងអនុក្រុមការងារ ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារអន្តរក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាមូលដ្ឋានដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាបជាច្រើនរូបទៀត។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់៕

ចំនួនអ្នកចូលទស្សនា
Flag Counter