ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ គម្រោងធ្យូងហ្គោជាគម្រោងសហការវាងរដ្ឋបាលព្រៃឈើ និងអង្គការ UNEP-DTU និងក្រុមហ៊ុនធ្យូងបៃតងខ្មែរ Khmer Green Charcoal (KGC) និងមានការចូលរួមពីលោក ពាក្យ មនោ មន្ត្រីទទួលបន្ទុកសម្របសម្រួលសហគមន៍ព្រៃឈើ មកពីខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត ឃុំសំរោង ក្រុមប្រឹក្សាឃុំព្រងិល ឃុំត្នោតជុំ គណៈកម្មការសហគមន៍ព្រៃឈើ ភូមិបង្គងឃ្មុំ ភូមិព្រៃខ្លា ភូមិក្របីស ភូមិឈើទាល ឃុំត្នោតជុំ គណៈកម្មការសហគមន៍ព្រៃឈើ ភូមិអូរបាក់ត្រា ភូមិអូរស្រាវ ភូមិព្រងិល ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ សហគមន៍ព្រៃឈើ ព្រៃដៃគូសំរោង (ភូមិតាដែស ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ) និងអង្គការជឺរ៉េស ។ មានអ្នកចូលរួមសរុប ៣៤នាក់ ស្រ្តី ៣នាក់ ។
គម្រោងនេះអនុវត្តរយះពេល ១៤ខែ ក្នុងសហគមន៍ព្រៃឈើចំនួន ០៨ នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំ ។ គោលបំណងរបស់គម្រោងគឺពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធនានានៅក្នុងខ្សែសង្វាក់ផលិតកម្មអុសធ្យូង ដោយធ្វើការលើគម្រូសេដ្ឋកិច្ច ចំណេះដឹងស្ដីពីការប្រែប្រួលអាកាសធាតុ និងការអនុវត្តប្រកបដោយចីរភាព ។ ធ្វើការជាដៃគូជាមួយអ្នកអនុវត្តគម្រោង គាំទ្រតម្រូវការផ្នែកទីផ្សារអុសធ្យូង គិតគូដល់និរន្តរភាព បរិស្ថាន និងសង្គម ផ្អែកលើចំណេះដឹង និងស្វែងរកដំណោះស្រាយនានា និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ លើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ ព្រមទាំងសាធារណៈជន និងវិស័យឯកជនក្នុងផ្នែកថាមពលអុសធ្យូង និងប្រព័ន្ធអេកូឡូស៊ី ។ រដ្ឋបាលព្រៃឈើនឹងសម្របសម្រួលផ្នែកច្បាប់ដល់សហគមន៍ដូចជា ការចុះបញ្ជីសហគមន៍ សម្របសម្រួល ផ្ដល់បច្ចេកទេសដល់ការប្រមូលផលអុសធ្យូង ចេញលិខិតអនុញ្ញាតប្រមូលផល លិខិតដឹកជញ្ជូន សម្របសម្រួលអនុញ្ញាតរួចពន្ធ និងសួយសារបុព្វលាភនានា ការចុះបញ្ជីផលិតឡធ្យូង សិក្សា និងកំណត់តំបន់ដាំឈើថាមពល ព្រមទាំងផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការប្រមូល និងដឹកជញ្ជូនអុសធ្យូងស្របច្បាប់ប្រកបដោយចីរភាព ។ ក្នុងនោះដែរក្រុមហ៊ុនធ្យូងបៃតងខ្មែរ Khmer Green Charcoal (KGC) និងអង្គការ ជឺរ៉េស (GERESS) នឹងជួយផ្ដល់បច្ចេកទេស ជួយសម្របសម្រួលរកទីផ្សារអុសធ្យូងដែលផលិតដោយសហគមន៍ព្រៃឈើ សិក្សាសក្ដានុពលក្នុងការពង្រីកទីផ្សារធ្យូង និងការវិនិយោគលើការនាំចេញសម្រាប់ផលិតឈើថាមពលនាពេលអនាគត ។
ជំនួយនេះទទួលបានជំនួយពីអង្គការ UNEP-DTU ។
គោលបំណងបង្ហាញ់ពីវឌ្ឍនភាពរបស់គម្រោងដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម អនុសាសន៍ ចំណុចកែតម្រូវសម្រាប់ការអនុវត្តបន្តរ ។ បង្ហាញពីការចូលរួមគាំទ្ររបស់អ្នកពាក់ព័ន្ធដល់សហគមន៍បន្ទាប់ពីការចាកចេញរបស់អង្គការជឺរ៉េស ។