ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម និងក្រុមការងារ RUSH-IT នៃលេខាធិការដ្ឋានកម្មវិធី ASPIRE និងក្រុម BRONX បានសម្របសម្រួលកម្មវិធីចុះត្រួតពិនិត្យការអនុវត្តសកម្មភាពRUSH-IT CHAMKA APP នៅទីតាំងភូមិ ឡបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើកសិករដែលបានចុះឈ្មោះ និងអនុវត្តសកម្មភាព RUSH-IT តាមកម្មវិធី CHAMKA APP ។ កម្មវិធីចុះត្រួតពិនិត្យនេះសម្របសម្រួល និងដឹកនាំដោយលោកឡាយវិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE, អបដំណើរដោយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម មន្រ្តីទទួលបន្ទុកត្រួតពិនិត្យវាយតម្លៃ RUSH-IT និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE ។ ក្រុមការងារអនុវត្តគម្រោង RUSH-IT និងជំនាញការក្រុមហ៊ុនBRONX នៃលេខាធិការដ្ឋានកម្មវិធី បានពិនិត្យ និងសាកសួរបន្ថែមដល់កសិករដែលទទួលបានកញ្ចប់សេវាកម្មពី RUSH-IT ទៅតាមប្រភេទនីមួយៗដែលបានលើកស្នើឡើងក្នុង CHAMKA APP និងស្វែងយល់ពីការអនុវត្តការងារនេះ និងបានណែនាំបន្ថែមពីការប្រើប្រាស់ និងមុខងារដែលមានប្រយោជន៍ដល់កសិករទាំងឡាយដែលបានចុះឈ្មោះប្រើប្រាស់។ គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ក្រុមការងារអនុវត្ត អនុកម្មវិធី ASPIRE បានចុះឈ្មោះកសិករ ២៤១នាក់ (៩៦%) ធៀបផែនការ ៤៣៩នាក់បានរៀបចំនិងអនុម័តសំណើរបច្ចេកទេស ២៤៩នាក់ (៩៥%) ធៀបផែនការ ២៦៣នាក់ ក្នុងនោះកសិករក្រីក្រ (ID Poor) មាន២១នាក់ (ចិញ្ចឹមមាន់ ១៥៩នាក់, បន្លែ ៩០នាក់) និង កសិករទទួលបានសម្ភារៈយកមកចិញ្ចឹមមាន់និងដាំបន្លែ ចំនួន ១០១គ្រួសាររួចមកហើយ។ រីឯកសិករដែលនៅសេសសល់ ក្រុមការងារនៅបន្តរៀបចំឱ្យបានរួចរាល់នៅក្នុងខែនេះ។ តាមការវិភាគឃើញថាកសិករបានទទួលសម្ភារៈ បរិក្ខា (ទូរភ្ញាស់ពងមាន់ខ្នាតតូច ៥០គ្រាប់) និងចំណីកូនមាន់ ថ្នាំការពារ និងគ្រាប់ពូជបន្លែ មានគុណភាពប្រសិទ្ធភាពខ្ពស់ និងមានផលចំណេញដែលអាចបន្តការចិញ្ចឹម ការដាំដុះនិង ពង្រីកឱ្យបានល្អប្រសើរថែមទៀត។