មាតិកា
ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចេញ​ផ្សាយ ២៤ មីនា ២០២២
140

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្មដែលបាន ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផល ជាច្រើនក្នុង វិស័យកសិកម្ម។ នៅក្នុងឱកាសនោះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ចំនួន១១ចំនុចសម្រាប់អនុវត្តបន្ត រួមមាន ៖
១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់-ព័ន្ធនានាត្រូវខិតខំអនុវត្ត “គោលយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការ​គោល​នយោ​បាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្ម​កម្ពុជាជាកសិកម្មទំនើប មានលក្ខណ:​ប្រកួត​ប្រជែង បរិយាប័ន្ន ធន់នឹងការ​ប្រែ​ប្រួលអាកាសធាតុ និង​មានចីរភាព ។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំផែនការសកម្មភាពដើម្បី   អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ។

​២-លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្ម​ពូជ​ដំណាំ ពង្រឹង​​ការ​ត្រួតពិនិត្យ និងបញ្ជាក់គុណភាព​ពូជដំណាំ​ និង​ធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេក​ទេស​​​​កសិកម្ម ដោយប្រើ​ប្រាស់​​​បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹង​សមត្ថភាពសហគមន៍​​កសិកម្ម​ឱ្យមាន​លក្ខណៈ​​​ជា​អាជីព ​ កែលម្អ​​សមត្ថ​ភាពកសិដ្ឋាន ស្ថានីយ-ពិសោធន៍ និង​ប្រែក្លាយមជ្ឈមណ្ឌល​អភិវឌ្ឍកសិកម្ម​ទៅជា “មជ្ឈម​ណ្ឌល​​ឧត្តម​ភាព​កសិកម្ម​” សម្រាប់​ផ្សព្វ​ផ្សាយបចេ្ចកទេសកសិកម្មឱ្យបានទូលំទូលាយទូទាំងប្រទេស ។

​៣-ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បី​បង្កើន​​កាលានុវត្តភាពក្នុងការ​ការពារ​ផល​ប្រយោជន៍​កសិករ ជំរុញវិនិយោគលើ​ការ​កែច្នៃ​ផលិត​ផល​កៅស៊ូ ដើម្បីបង្កើន​តម្លៃ​បន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់​នូវ​ជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ព្រមទាំងជំរុញ​ការអនុវត្តផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍កៅស៊ូ​ធម្មជាតិ​ឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកប​ដោយ​ចីរភាព ។

​៤-ត្រូវពង្រឹង​ការ​អនុវត្តវិធាន​ការ​ការពារ​ដំណាំ និងជំរុញ ការអនុវត្ត “ច្បាប់ស្តីពីការ​ការពាររុក្ខជាតិ និង​ភូតគាមអនាម័យ”ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ខេត្ត សមត្ថកិច្ច​គយ ​និងរដ្ឋាករ​នៅ​ច្រកព្រំដែនត្រូវសហការជាមួយជំនាញ​អនាម័យ ​ និងភូតគាម​អនាម័យ ​ ជំរុញការចុះ​ហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ​ សម្រាប់​នាំ​ចេញផលិតផល​កសិកម្ម​ដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព ​សុវត្ថិ​ភាព​កសិផល និងធាតុចូលកសិកម្ម​​ស្របតាមស្តង់ដារ​ជាតិ និងអន្តរជាតិ ។

៥-ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើន​វិនិយោគ​លើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគជំងឺសត្វ  បង្កើត​ស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បីវិនិយោគបន្ថែមទៀត ​នូវរោងចក្រផលិត​ចំណី​​សត្វ ដើម្បីកាត់បន្ថយការ​នាំចូល​ចំណី​សត្វ​ផ្សំរួច​ពីបរទេស ។

៦-ត្រូវបន្ត​​ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០” ដើម្បីធានាបាននូវការ​ផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក​ និង​នាំ​ចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែង​តម្លៃទីផ្សារ ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍​នេសាទ​ឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទ​ល្មើស​ជលផល ។ ត្រូវ​ពង្រឹង​ការ​គ្រប់​គ្រង និងការពារកន្លែងអភិរក្សជលផល ​​​ត្រូវ​ថែ​រក្សា​ការពារព្រៃលិច​ទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់​ការធ្វើ​ពាណិជ្ជ​កម្ម​ខុសច្បាប់ប្រភេទ​ធនធាន​ជលផល ។ ត្រូវ​បញ្ចប់​ ការ​រៀបចំ​វិសោធ​ន​កម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការ​គ្រប់​គ្រង និងអនុវត្ត​អនុ​វិស័យ​ជល​ផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ល្មើស​ច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។

ត្រង់ចំនុចទី៦នេះ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេចក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។ ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបាននោះទេ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ។ ដូច្នេះ សម្តេចតេជោបានចេញបទបញ្ជានៅថ្ងៃនេះជាបន្តទៀត ដើម្បីអោយបង្រ្កាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។

​៧-ត្រូវបន្តពង្រឹង និង​ពង្រីកសហគមន៍ព្រៃឈើ តាមរយៈ ​ប្រព័ន្ធ​កសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធាន    ព្រៃឈើ​ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រ​ការធានាចីរភាព​បរិស្ថាន​ស្រប​តាមគោល​ការណ៍ “ អភិវឌ្ឍបៃតង ” ដើម្បី​ឆ្លើយតបទៅនឹងការប្រែប្រួល​​អាកាស​ធាតុ​ សំដៅកាត់​បន្ថយ​​ផល​អវិជ្ជមាន​ជាអតិបរមា មក​លើកំណើន​សេដ្ឋ​​កិច្ច និងជីវភាព​សង្គម​ ​​។

​៨-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈ​បញ្ជា​ការឯកភាពរាជធានី ខេត្ត ត្រូវរួម​សហការស្រាវ​ជ្រាវ ទប់ស្កាត់​ និង បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិច​ទឹកតាមគ្រប់រូបភាព ក្នុង​ដែនសមត្ថកិច្ចរបស់​ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះ​យោគយល់ សម្រប​សម្រួល និង​សហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាព​ការងារក្រសួងសាមី និងរាជរដ្ឋាភិបាល ។

​៩-ត្រូវលើក​កម្ពស់​​​ការ​ចូលរួម​វិនិយោគ​ពីវិស័យ​ឯកជន ​ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់​​នាំចេញ ពង្រីកយន្តការ​អនុវត្ត “ផលិតកម្មកសិកម្មតាម កិច្ចសន្យា”ឱ្យបានកាន់តែទូលំទូលាយ។ស្ថាប័នពាក់ព័ន្ធធនាគារ ​អភិវឌ្ឍន៍​​ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់​ឥណទានដល់​សហគ្រាស​​កែច្នៃ​កសិ- ផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វ-  ផ្សាយស្តីពីការប្រើ​ប្រាស់​​មូលនិធិ​បន្ថែម​ថ្មីចំនួន ១០០ លានដុល្លារអាមេរិក ។

​១០-ត្រូវពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវ និង​អភិវឌ្ឍ បច្ចេកវិទ្យា​កសិកម្ម​ទំនើប បង្កើនផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម ដើម្បីគុណភាព សុវត្ថិភាព​ និង​អាហារូបត្ថម្ភ អភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះ​ដឹងនិងអភិវឌ្ឍជំនាញឌីជីថល លើកកម្ពស់វិទ្យាសាស្រ្ត​បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រែក្លាយមន្ទីរពិសោធន៍តាម​អនុ​វិស័យ​នីមួយ​ៗ ​តាមស្តង់ដារ ISO និងចូលរួមដើម្បីបង្កើតបណ្ឌិតសភា​វិទ្យាសាស្រ្ត​​កសិកម្មកម្ពុជានាអនាគត ។

​១១-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូ​អភិវឌ្ឍ​នានាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បី​កៀរគរ​​ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផល​កសិកម្មឱ្យ​បាន​ទូលំ​ទូលាយ​ជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម ដើម្បីប្រែក្លាយ​វិស័យកសិកម្ម​កម្ពុជាជាសសរ​ទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍​ដល់ប្រជាកសិករ៕

ចំនួនអ្នកចូលទស្សនា
Flag Counter