ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមជាមួយ ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្ដម ព៉ំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ និងគណ:បញ្ជាការឯកភាពខេត្តពោធិ៍សាត់-ស្រុកក្រគរ មានលោកនាយ-នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ នាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ស្នងការនគរបាលខេត្ដ អធិការនគរបាលស្រុក កងរាជអាវុធហត្ថខេត្ដ យោធាខេត្ដ បរិស្ថានស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៨គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល ។ បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង បានសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុកខេត្តសៀមរាប និងកន្លែងអភិរក្សជលផលបាឡត ខេត្ដកំពង់ធំ ។ ចំពោះថ្នាក់ខេត្ដ ត្រូវឈរជើងក្នុងកន្លែងអភិរក្ស០៦ កន្លែង
១.កន្លែងអភិរក្សជលផល ជ្រោយស្ដី
២. កន្លែងអភិរក្សជលផល កំពង់ប្រាក់
៣.កន្លែងអភិរក្សជលផល ឡូតិ៍លេខ០៦
៤.កន្លែងអភិរក្សជលផល រាំងទិល
៥.កន្លែងអភិរក្សជលផល ដីរនាត
៦.កន្លែងអភិរក្សជលផល ឡូតិ៍លេខ០២
នៅក្នុងល្ងាចថ្ងៃនោះដែរ ក្រុមការងារថ្នាក់ខេត្ដ បានចុះអប់រំណែនាំ ផ្សព្វផ្សាយ ដល់ប្រជានេសាទ ធ្វើការរុះរើ របាំងលប ឲ្យសមស្របទៅតាមច្បាប់កំណត់ ។