ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមជាមួយ ក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE បានដឹកនាំរៀបចំ កិច្ចប្រជុំតម្រង់ទិសផែនការសកម្មភាព ថវិកា និងវិធីសាស្រ្តអនុវត្តការងារប្រចាំឆ្នាំ២០២២ សម្របសម្រួលដោយអនុប្រធានមន្ទីរ និងក្រុមការងារថ្នាក់ខេត្ត ។ កិច្ចប្រជុំនេះមានសមាសភាគចូលរួមចំនួន ៣៥នាក់ រួមមានមន្រ្តីថ្នាក់ខេត្ត មន្រ្តីថ្នាក់ស្រុកទាំង៦ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើ ។ គោលបំណងនៃកិច្ចប្រជុំ ដើម្បីបង្កើនការយល់ដឹងពីសកម្មភាពអាទិភាពត្រូវអនុវត្តប្រចាំឆ្នាំ២០២២ តាមបណ្តាអនុកម្មវិធី, កំណត់បាននូវលទ្ធផលដែលគ្រោងទុក តាមសកម្មភាពនីមួយៗ និងសូចនាករបែងចែកតាមសកម្មភាពជាក់លាក់, ពង្រឹងបណ្តុំអាជីវកម្មទាំងអស់ និងយន្តការគ្រប់គ្រងអគារប្រមូលផ្តុំផលិតផលកសិកម្ម និងដំណើរការគាំទ្រឱ្យមានប្រសិទ្ធភាព និងការងារប្រមូលទិន្នន័យសម្រាប់ប្រព័ន្ធ M&E/MIS និងទីផ្សារ ។ បន្ទាប់ពីបទបង្ហាញផែនការសកម្មភាពថវិកា និងនីតិវិធីអនុវត្ត ដោយទីប្រឹក្សាគ្រប់គ្រងកម្មវិធី រួចមក មន្រ្តីជំនាញទទួលបន្ទុកបច្ចេកទេសដំណាំ ការចិញ្ចឹមសត្វ ព្រៃឈើ និង PPP អនុវត្តដោយ EPDO បានធ្វើបទបង្ហាញពីវិធីសាស្ត្រពង្រឹងបណ្តុំអាជីវកម្មតាមអនុកម្មវិធី និងលទ្ធផលរំពឹងទុក ដល់ក្រុមការងារថ្នាក់ស្រុកបានយល់ដឹងកាន់តែច្បាស់ និងអាចរៀបចំការងារនេះបានល្អប្រសើរ ។ ទាក់ទងនិងការងារហិរញ្ញវត្ថុ និងការគ្រប់គ្រង មន្រ្តីហិរញ្ញវត្ថុបានធ្វើការណែនាំ និងបញ្ជាក់បន្ថែមពីនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទូទាត់ដល់ក្រុមការងារអនុវត្តអនុកម្មវិធីទាំងអស់ ព្រមទាំងការបែងចែកការទទួលខុសត្រូវនៃមន្ត្រីទទួលបន្ទុកតាមស្រុកគោលដៅ និងភ្នាក់ងារផ្សព្វផ្សាយឃុំដើម្បីសម្របសម្រួលការងារបានរលូន និងរៀបចំផែនការការងារនៅសប្តាហ៍ទី១ ខែមេសាខាងមុននេះតាមការណែនាំ ។