ថ្ងៃសៅរ៍១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៨ ខែឧសភា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សា ប្រមូលធាតុចូល ជុំវិញព័ត៌មានដីតំបន់៣ ដើម្បីកាត់ឆ្វៀលដីជាង ៣ពាន់ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ និងប្រគល់ដីនោះជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង មុនឆ្នាំ២០១២ បានប្រើប្រាស់អាស្រ័យផលបន្ត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
កិច្ចប្រជុំដ៍មានសារៈសំខាន់នេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអបនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ក្រុមការងារក្នុងគណៈកម្មការ អនុគណៈកម្មការ និងអាជ្ញាធរស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាបមួយចំនួនទៀត។
ចំពោះ ការស្នើសុំពីរដ្ឋបាលស្រុកចំនួន៣ ជាប់ផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់នោះមាន បានគាំទ្រលើការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដោយសារកន្លងមកនៅក្នុងតំបន់៣នេះ ជាភូមិចាស់ ដែលមានសាលាឃុំ មណ្ឌលសុខភាព លំនៅឋានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ មុនការបង្កើតជាតំបន់៣ និងជាតំបន់ការពារ។
ជាលទ្ធផល ផ្ទៃដីដែលត្រូវស្នើសុំគោលការណ៍កាត់ឆ្វៀល មានទំហំផ្ទៃដីសរុបចំនួន ៣,៤៤៨ហិកតា ៧៧អា ស្មើនឹង ១,៣៩៩ក្បាលដី មានចំនួន១,៦៥៨គ្រួសារ ក្នុងនោះ៖ ស្រុកក្រគរ ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១២២ហិកតា ៤៥អា ស្មើនឹង៤៣៨ក្បាលដី មានចំនួន៧០៦គ្រួសារ, ស្រុកកណ្តៀង ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៦៩ហិកតា ៧២អា ស្មើនឹង៥៩៤ក្បាលដី មានចំនួន៥៨៥គ្រួសារ និងស្រុកបាកាន ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៥៦ហិកតា ៦អា ស្មើនឹង៣៦៧ក្បាលដី មានចំនួន៣៦៧គ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ក៏បានសម្រេចចេញអនុក្រឹត្យកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និង
ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបន្តផងដែរ។