ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៩ ខែឧសភា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញ ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ក្រគរ និងស្រុកកណ្ដៀង ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកក្រគរ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងប្រជាពលរដ្ឋ ប្រមាណ ៨០០នាក់ ។ ចំពោះប្រធានបទផ្តោតសំខាន់ការកាត់ឆ្វៀលដីតំបន់៣ ដែលប្រជាជនបានរស់នៅ អាស្រ័យផលលើសពី១០ ឆ្នាំ មុនបោះបង្គោលព្រំឆ្នាំ២០១២ នៃបឹងទន្លេសាបក្នុងស្រុកក្រគរ ស្របតាមអនុក្រិតលេខ ១០១ អនក្រ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្តីពី ការកែសម្រួលផ្ទៃដី ៣.៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលវិញ ។ ចំពោះស្រុកក្រគរ បានកាត់មានផ្ទៃដី ១.១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋ រស់នៅ ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ និងឃុំអូរសណ្តាន់ សរុប ៧០៦គ្រួសារ ។