ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកនាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកនាយសង្កាត់កំពង់លួង និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់
ជាតិបង្គ្រាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាប (ជ្រោយស្ដី) ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ឧត្តមសេនីយ៍ទោ ជា សំណាង ប្រធានក្រុមការងារអន្តរាគមន៍រួចមក ឯកឧត្តមប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូលះបង់របស់សមាជិកក្រុមអន្តរាគមន៍ទាំងអស់ដែលកំពុងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុការពារធនធានធម្មជាតិ (មច្ឆាជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្គាបបទល្មើសជលផលក្នុបឹងទន្លេសាបនៅរដូវបិទនេសាទ ម្យ៉ាងវិញទៀត រាល់ឧបករណ៍ដែលអាចយកមកប្រើប្រាស់ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស និងឧបករណ៍ល្មើសផ្សេងៗ គួរតែរឹបអូស រួចបំផ្លាញចោល និងជំរុញការផ្សព្វផ្សាយបន្ថែមទៀតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
នាឱកាស ចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តមប្រតិភូ បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូនមានដូចជា ថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាប (ជ្រោយស្តី) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម