ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារខណ្ឌរដ្ឋបាលជលផល និង មន្រ្តីគាំទ្រកម្មវិធីASPIRE ថ្នាក់ខេត្ត មានលោក ឃួន កាន់ មន្រ្តីទទួលបន្ទុកទីផ្សារ លោក ម៉ែន វណ្ណៈ គាំទ្របច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម។ ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើអនុប្រធានបណ្តុំថ្មី ។ ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ (សាច់លឿង) ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។ ការងារគាំទ្របច្ចេកទេសៈ ក្រុមការងារបានធ្វើការណែនាំបន្ថែមជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ការជ្រើសរើសពូជស្របតាមតម្រូវការទីផ្សារ ត្រីអណ្តែងទន់ សាច់លឿង ការរៀបចំស្រះឬតង់ចិញ្ចឹមបានត្រឹមត្រូវ ការគ្រប់គ្រងទឹក ការផ្តល់ចំណី ការថែទាំ ការពារជំងឺ និងការប្រមូលលក់។ ការរៀបចំស្រះចិញ្ចឹមថ្មី ត្រូវអនុវត្តតាមបចេ្ចកទេស បាចកំបោរសម្លាប់មេរោគ ។ ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ១.៩២០ ម៉ែត្រការ៉េ ក្នុងសមាជិកបណ្តុំ៤០គ្រួសារ អាចផលិតផលបាន ប្រហែល ១.៦០០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមត្រី។ ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អចាប់ពី៨.០០០រៀល ទៅ ៩.០០០រៀល/១គ.ក្រ។