ថ្ងៃព្រហស្បត្តិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃថ្ងៃទី ៣០ ខែមិថុនា ២០២២ នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារមន្ទីរកសិកម្ម ដែលជាមន្រ្តីគាំទ្រកម្មវិធីASPIRE ថ្នាក់ខេត្ត មានលោកហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយ លោកឃួន កាន់ មន្ត្រីទីផ្សារកម្មវិធី លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រថ្នាក់ខេត្ត ជាមួយលោកលោក នាង ង៉ែត មន្រ្តីខណ្ឌរដ្ឋបាលជលផល និងទីប្រឹក្សាកម្មវីធីASPIRE បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មបង្កាត់ភ្ញាស់ត្រី ដោយមានសមាជិកបណ្តុំអាជីវកម្ម និងអ្នកប្រមូលទិញកូនត្រីបានចូលរួមក្នុងកម្មវិធី។
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន:
១.ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្មដើម្បីពង្រឹងការដឹកនាំក្រុមបន្ត ឱ្យបានរឹងមាំនិងភាពសកម្ម ដែលសមាសភាពថ្នាក់ដឹកនាំអនុប្រធានក្រុមត្រូវកែសម្រួលជំនួសថ្មី។
២.ការរៀបចំផែនការផលិកម្ម (ភ្ញាស់កូនត្រី និងបំប៉នកូនត្រី) ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ ឬយកមកចិញ្ចឹមបន្ត ដោយបានការពិភាក្សាជាមួយសមាជិកបណ្តុំពីលទ្ធភាពផលិតកូនត្រីនិងបំប៉នកូនត្រី សម្រាប់រៀបចំជាផែនការផលិតកម្មឆ្នាំ២០២២ ។ ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ៦៥០០ម២ អាចផលិតផលបាន ប្រហែល ៩០០០០កូន (កូនត្រីឆ្ពិន ២០០០០កូន និងទីឡាព្យា ៧០០០០កូន) និងបន្តការរកពូជត្រីអណ្តែងទន់សាច់លឿងយកមកបង្កាត់ភ្ញាស់ក្នុងអាងភ្ញាស់ស្របតាមត្រូវការទីផ្សារ។
៣. ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់កូនត្រី ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារស្របតាមទីផ្សារនិងតម្រុវការកូនត្រី។
ការងារគាំទ្របច្ចេកទេសៈ ក្រុមការងារបានធ្វើការពិភាក្សាជាមួយសមាជិកចូលរួម និងប្រធានបណ្តុំពីបច្ចេកទេសផលិតភ្ញាស់កូនត្រី ឬបំប៉នកូនត្រីតាមតម្រូវការទីផ្សារកូនត្រី មានត្រីអណ្តែងទន់សាច់លឿង ត្រីទីឡាព្យា ត្រីឆ្ពិនជាដើម ក្នុងនោះមានការជ្រើស រើសមេពូជ ការរៀបចំស្រះ ការរៀបចំកន្លែងបង្កាត់ភ្ញាស់ ការផលិតចំណីធម្មជាតិប្លុងតុង ការផ្តល់ចំណី ការគ្រប់គ្រងទឹក និងការប្រមូលផល។ ប្រធានក្រុមបណ្តុំក៏លើកឡើងពីការរកពូជត្រីអណ្តែងទន់សាច់លឿង (ធម្មជាតិ) ដើម្បីយកមកបង្កាត់ភ្ញាស់ ទទួល បានកូនពូជមកចិញ្ចឹមស្របតាមតម្រូវការទីផ្សារនិងអ្នកចិញ្ចឹមតាមបណ្តុំអាជីវកម្ម។ ក្រុមការងារជលផលក៏បានណែនាំបន្ថែមការរកពូជត្រីទាំងនេះ ក៏ដូចជាបន្តជួយទំនាក់ទំនងទៅកាន់ប្រភពដែលមានមេពូជល្អៗដល់ក្រុមអាជីវកម្មថែមទៀតៀផង។ ។