ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក សេង សុងលី តំណាងខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម៣០ នាក់។
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន:
១.ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងៈ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើអនុប្រធានបណ្តុំថ្មី ។
២.ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ និង កង្កែប ដែលមានតម្លៃទីផ្សារនិងងាយស្រួលលក់ឬបរិភោគ ។ ការងារគាំទ្របច្ចេកទេសៈ ក្រុមការងារបានធ្វើការណែនាំបន្ថែមជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ការជ្រើសរើសពូជស្របតាមតម្រូវការទីផ្សារ ត្រីអណ្តែងទន់ សាច់លឿង ការរៀបចំស្រះឬតង់ចិញ្ចឹមបានត្រឹមត្រូវ ការគ្រប់គ្រងទឹក ការផ្តល់ចំណី ការថែទាំ ការពារជំងឺ និងការប្រមូលលក់។ ការរៀបចំស្រះចិញ្ចឹមថ្មី ត្រូវអនុវត្តតាមបចេ្ចកទេស បាចកំបោរសម្លាប់មេរោគ ។ ផែនការផលិតកម្មៈ តាមការធ្វើផែនការនិងលទ្ធភាពផលិតលើផ្ទៃដី ១.០០២ ម៉ែត្រការ៉េ ក្នុងសមាជិកបណ្តុំ៤០គ្រួសារ អាចផលិតផលបាន ប្រហែល ១.០០០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមត្រី និង ១.០០០ គីឡូក្រាមក្នុងមួយវដ្តចិញ្ចឹមកង្កែប ។ ការគាំទ្រទីផ្សារនិងការចុះកិច្ចសន្យាជាថ្មីៈ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អចាប់ពី ៧.០០០រៀល ទៅ ៨.០០០រៀល/១គ.ក្រ ចំពោះត្រីអណ្តែង និងកង្កែប។