ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្មខេត្តអនុវត្តកម្មវិធី ASPIRE បានសហការជាមួយមន្រ្តីអនុវត្តកម្មវិធីថ្នាក់ស្រុក មានលោក ដួង ផាន្នី ជាប្រធានការិយាល័យកសិកម្ម ស្រុកភ្នំក្រវាញ និងភ្នាក់ងារផ្សព្វផ្សាយ ឃុំបាក់ចិញ្ចៀន ដឹកនាំសម្របស្រួលការចុះត្រួតពិនិត្យការផលិតកម្មបន្លែសុវត្ថិភាពរបស់ លោកអភិបាល ស្រុកភ្នំក្រវាញនិងសហការី បានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការដាំដុះដំណាំបន្លែតាមបណ្តុំអាជីវកម្ម ចំនួន៣ភូមិ មានភូមិក្របៅជ្រុំ ភូមិបាក់ចិញ្ចៀន និងភូមិអូរឬស្សី ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ក្នុងដំណើរចុះពិនិត្យនេះលោកអភិបាលស្រុក មានការចាប់អារម្មណ៍ខ្ពស់លើការយកចិត្តទុកដាក់របស់មន្ទីរកសិកម្ម ជាពិសេសក្រុមការងារអនុវត្តកម្មវិធីដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស បច្ចេកវិទ្យាក្នុងការផលិតបន្លែក្នុងផ្ទះសំណាញ់បានគ្រប់រដូវកាល តាមតម្រូវការទីផ្សារ។
លោក ង៉ែត សុន សមាជិកបណ្តុំអាជីវកម្ម និងជាអ្នកដាំបន្លែក្នុងផ្ទះសំណាញ់ បានលើកឡើងពីផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់មានភាពងាយស្រួល ដែលអាចដាំដុះបានពេញរដូវកាល មិនមានប្រើប្រាស់សារធាតុគីមីពុលដែលនាំឱ្យខូចសុខភាពអ្នកប្រើប្រាស់ឡើយ រីឯការនិយមចូលចិត្តបន្លែដែលដាំដុះក្នុងផ្ទះសំណាញ់មានការកើនឡើងនិងចាប់អារម្មណ៍ពីអ្នកបរិភោគក្នុងស្រុក។ ក្នុងផ្ទះសំណាញ់នេះមានទំហំ១០x៣៦ (៣៦០ម៉ែត្រក្រឡា) ដែលអាចផលិតបន្លែបានចំនួន ៧-៩រងបន្លែតាមប្រភេទបន្លែ។ យោងតាមទិន្នន័យផលិតកម្មក្នុងអំឡុង ខែមិថុនា បានឱ្យដឹងថាបណ្តុំអាជីវកម្មនេះបានផលិតបន្លែលើផ្ទៃដីចំនួន ១៦.៧២០ម៉ែត្រការ៉េ ផលិតផលបន្លែចម្រុះបាន ២១.៩៨៥គីឡូក្រាម ដែលលក់បានចំណូលសរុប ៦៥.០០០.០០០ រៀលពីការដាំបន្លែចម្រុះលក់មកទីផ្សារក្នុងតំបន់។