ថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ រួមជាមួយ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌ និង នាយ -នាយរងផ្នែក នាយ-នាយរងសង្កាត់ សរុប២០នាក់ បានចូលរូម
ពិធីរុក្ខទិវា ០៩ កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ភូមិសំបួរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងពិធីដ៏មហាកិត្តិយស អធិកអធម ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងព្រះបរមរាជវាំង ឯកឧត្តម លោកជំទាវអភិបាលនៃគណអភិបាលខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិសាត់ ខេត្តឧត្តរមានជ័យ ឯកឧត្តមសមាជិក រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវជាតិ អន្តរ ជាតិ យុវជនកាយរិទ្ធិ យុវជន ស.ស.យ.ក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ យាយជី តាជី ប្រមាណជា ២ ០០០នាក់។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងខ្លួនលោកផ្ទាល់ បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានផ្តល់មហាកិត្តិយសយាងអញ្ជើញជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីដ៏មានអត្ថន័យវិសេសវិសាលជាប្រវត្តិសាស្រ្តក្នុងខេត្តបាត់ដំបងនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចក្រឡាហោម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម និងបន្តថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលព្រៃឈើ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ រៀបចំប្រារព្វពិធីនេះ សម្រេចទទួលបានជោគជ័យគួរជាទីមោទននាព្រឹកនេះ។