ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធី និងការតាំងពិព័រណ៍នៃពិធីបុណ្យអុំទូក ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជេីញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការរៀបចំកន្លែងប្រារព្ធពិធី និងការតាំងពិព័រណ៍នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នេះ ។
កិច្ចប្រជុំនេះធ្វេីឡេីងដេីម្បីរៀបចំបែងចែកស្តង់សម្រាប់ការតាំងពិព័រណ៍របស់ក្រុមហ៊ុន អាជីវករក្រៅខេត្ត និង ជាពិសេសការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដែលកេីតចេញពីស្នាដៃរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។
លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ស្នេីសុំដល់ក្រុមហ៊ុន សូមឲ្យរៀបចំស្តង់សម្រាប់តាំងពិព័រណ៍ឲ្យមានសណ្ដាប់ធ្នាប់ល្អ ដេីម្បីឲ្យការតាំងពិព័រណ៍កាន់តែមានសោភ័នភាពកាន់តែស្រស់ស្អាត ។
ត្រូវរកទីកន្លែងរៀបចំបន្ទប់ទឹកចល័តឲ្យមានស្តង់ដា ។
ត្រូវត្រៀមម៉ាសុីនភ្លេីងទុកសម្រាប់ត្រៀមបម្រុង ប្រសិនបេីអគ្គិសនីមានបញ្ហាម្ដងម្កាល ។
ជាពិសេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាអនាម័យ និងសន្តិសុខ ។
សូមបញ្ជាក់ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និងប្រារព្ធឡេីងនៅថ្ងៃទី១៦-១៧-១៨ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ ៕