ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ មាននាយរងសង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក ភុន សុវណ្ណា សហការជាមួយក្រុមការងារគណបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោកខាត់ពុយអភិបាលរងស្រុកក្រគរ ក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការបឹងទន្លេសាបមានទីតាំងកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ម៉ែន សុីប៊ន នាយសេនាធិការរងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុនធឿន ដំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុច លោកតាជ័យសង្រ្គាម ឃុំកំពង់លួង ដល់កំពង់ឃ្នាស ឃុំក្បាលត្រាចមានកម្លាំងសរុប២៧នាក់ កាណូត០៤គ្រឿង ។ នៅពេលក្រុមការងារកំពុងបំពេញបេសកម្មរុះរើរបាំងសាច់អួនក្រឡាល្អិតដែលមានប្រវែងលើសកំណត់នៃច្បាប់នៅចំណុច លោកតាជ័យសង្រ្គាម ស្រាប់តែមានប្រជានេសាទប្រុស ស្រីជាច្រើនប្រមាណ ១២៣នាក់ កាណូត ៣៦គ្រឿង មកពីភូមិទី១-២-៣ និងទី៤ឃុំកំពង់លួង ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច និងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរបានមកតវ៉ាស្រែកអង្វរករសុំរស់ដោយសុំធ្វើនេសាទក្នុងរដូវបិទនេសាទប្រើឧបករណ៍របាំងសាច់អួន(បរ)ប្រវែងពី១៥០ម៉ែត្រទៅ ២០០ម៉ែត្រ។
ជាក់ស្ដែងក្រុមការងារបានចុះពិនិត្យផ្ទាល់ តាមកន្លែងនីមួយៗ របាំងសាច់អួន ឃើញមានប្រវែងចាប់ពី ៥០០ម៉ែត្រទៅ ៧០០ម៉ែត្រ ។ លោក ឧត្ដមសេនីយ៍ទោ ម៉ែន សុីប៊ន ប្រធានក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ បានប្រាប់ទៅប្រនេសាទទាំងអស់វិញថាបច្ចុប្បន្ននេះជារដូវបិទនេសាទសង្កេតឃើញបងប្អូនយើងប្រើសាច់អួនក្រឡាល្អិតលើសពីការកំណត់នៃច្បាប់ ។ ដូច្នេះសូមអោយបង ប្អូនធ្វើការរុះរើដោយខ្លួនឯង ក្រុមការងារយើងទុកពេលអោយ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ដោយបានឯកភាពគ្នាសម្របសម្រួលទុក១០០ម៉ែត្រ សម្រាប់ធ្វើនេសាទបើពុំដូច្នេះទេនៅថ្ងៃទី៣១ ខែសីហា ក្រុមការងារនឹងចុះអនុវត្តទៅតាមច្បាប់ ។