ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យដំណាំដាំដុះ និងសួរសុខទុក្ខកសិករ ដែលស្ថិតនៅភូមិដប់បាត សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ក្រោមការដឹកនាំដោយលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ។ ជាលទ្ធផលក្រុមការងារបានជួបជាមួយកសិករចំនួន ០៣គ្រួសាររួមមាន៖
- កសិករ ឯក សុគន់ អាយុ ៤១ឆ្នាំ បានដាំដំណាំសណ្តែកគួរ លើផ្ទៃដីចំនួន ១៧អា ស្មើនឹង ១៦រង កំពុងថែទាំ ។
- កសិករ ឯក ចន្ថា អាយុ ៤៤ឆ្នាំ បានដាំដំណាំដើមខ្ទឹមខ្យល់លើផ្ទៃដីចំនួន ៣អា ស្មើនឹង ៩រង។ ផ្ទៃដីចំនួន៣អា កសិករអាចប្រមូលផលដើមខ្ទឹមបានចំនួន ១.២០០គីឡូក្រាម ។ ចំណែកឯទីផ្សារដើមខ្ទឹមទៀតសោត បានផ្គត់ផ្គង់នៅលើទីផ្សារក្នុងខេត្ត និងលក់បោះដុំចាប់ពី៤.៥០០៛ ទៅ ៥.០០០៛/គ.ក និងលក់ពូជតម្លៃ ៥.៥០០៛/គ.ក ។
- កសិករ ធី កំសត់ អាយុ ៤៨ឆ្នាំ បានដាំដំណាំត្រសក់លើផ្ទៃដីចំនួន ៧អា ប្រមូលផលបានចំនួន ២.១០០គ.ក លក់បោះដុំចាប់ពី ២.០០០៛ ទៅ ២.៥០០៛ ដោយបានផ្គត់ផ្គង់ជូនទីផ្សារក្នុងខេត្ត និងទៅរាជធានីភ្នំពេញ។ បន្ទាប់ពីបានចុះពិនិត្យសួនដំណាំបន្លែរបស់កសិកររួច លោកអភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើឲ្យកសិករខិតខំធ្វើការដាំដុះដំណាំបន្លែដោយអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ដើម្បីធានាបាននូវសុខុមាលភាពប្រជាជន និងសមស្របទៅតាមតម្រូវការទីផ្សារផងដែរ។ បន្ថែម ពីនេះដែរ លោកអភិបាលរងខេត្ត បានស្នើឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជម្រុញ និងបន្តលើដំណើរការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់យុវជន ដើម្បីបំពាក់បំប៉នចំណេះជំនាញកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ។