មាតិកា
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែកញ្ញា ដើម្បីចាត់វិធានការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមានក្នុងខេត្ត​ នៅសាលប្រជុំ​សាលា​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
80

ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ នៅសាលប្រជុំ​ សាលាខេត្ត​ពោធិ៍សាត់​ ក្រោម​អធិបតីដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអភិបាលខេត្តពោធិ៍សាត់​ ។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម បានជំរុញដល់រដ្ឋបាលក្រុង ស្រុក រួមទាំងកម្លាំងប៉ុស្តិ៍នគរបាល កម្លាំងមេបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ រោងគុយទាវ និងត្រូវធ្វើការណែនាំ កុំឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ការជល់មាន់តាមអនឡាញ និងអាប៉ោងអនឡាញ ឱ្យមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង​ ៧ចំណុច ឱ្យខាន​តែបាន ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ​ និងពេលខាងមុខ បន្តបន្ទាប់ ដែលមានទីតាំងក្នុងខេត្ត ឱ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ ដេីម្បីឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តម​ បានបន្ថែមទៀតថា ជាមួយគ្នានោះដែរ ត្រូវដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឱ្យបានឆាប់រហ័ស និងត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ​ និង​បានណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឱ្យមាន​ប្រសិទ្ធភាព ត្រូវធ្វើជាគំរូ និងមានឥរិយាបថល្អដល់ប្រជាពលរដ្ឋ និងត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយ ដែលនាំឱ្យប្រជាពលរដ្ឋ មើលបំណាំ និងត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវសេចក្តីសុខ​សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀស កុំឱ្យមានករណីចោរឆក់ ចោរប្លន់ ឬហឹង្សាក្នុងសង្គម ដោយសារតែល្បែងស៊ីសង​ ។ 

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមទៀតថា «ល្បែងស៊ីសងវាមិនបានចំណេញ ដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើឱ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ»​ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter