ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកមួន វុឌ្ឍី ប្រធានស្តីទី ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចាត់ឱ្យមន្ត្រីការិយាល័យមាន៖
-លោក ថា វ៉ាន់ថេន មន្ត្រី
-លោក ស្មឿន ដារ៉ូ មន្ត្រី
-លោក ផន សុភា មន្ត្រី
បានចុះត្រួតពិនិត្យស្ថានភាពការចិញ្ចឹមសត្វគោក្របីរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានរបាយការណ៍អំពីស្ថានភាពជំងឺសត្វពីភ្នាក់ងារសុខភាពសត្វឃុំស្រែស្តុក ឃេីញថា៖
មានសត្វគោក្របីឈឺដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ មិនចង់ស៊ីចំណី ហៀរទឹកមាត់ ពងដោរក្នុងមាត់ អណ្តាត និងហេីបក្រចក ។ ចាប់ផ្ដើមចេញរោគសញ្ញានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន០៩គ្រួសារ មានសត្វឈឺសរុប៣២ក្បាល/ក្របី២១ក្បាល នៅក្នុងឃុំកោះជុំ និងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ បានធ្វើការយកសំណាកពីសត្វគោក្របីចំនួន០៥សំណាក/ក្របី០៤សំណាក(ពងដោរលេីអណ្ដាត) ផ្ញើទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដេីម្បីរកមេីលប្រភេទនៃជំងឺ។
ក្នុងនោះផងដែរក្រុមការងារបសុពេទ្យក៏បានធ្វើការណែនាំឱ្យម្ចាស់សត្វមានការយកចិត្តទុកដាក់ក្នុងការថែទាំ និងចូលរួមយកសត្វមកចាក់វ៉ាក់សាំងការពារជំងឺនៅពេលមានយុទ្ធនាការចាក់នៅរៀងរាល់៦ខែម្តង ដេីម្បីកាត់បន្ថយអត្រាឆ្លង និងងាប់ដោយសារជំងឺជាពិសេសរដូវវស្សាមុនទឹកជំនន់មកដល់។