ថ្ងៃអាទិត្យ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កឆ ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានចូលរួមពិធីសម្ភោធ និងកាត់ខ្សែបូស្ពានដែកបាឡេ សសរប៉េតុង ១ខ្សែ ដែលមានប្រវែង៤៨ម៉ែត្រ ឆ្លងកាត់ស្ទឹងអូរសំឡាញ ដើម្បី ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានសាងសង់ឡើងវិញ ក្រោយទទួលរងគ្រោះទាំងស្រុងដោយសារជំនន់ទឹកភ្លៀង ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង និងឯកឧត្តម ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង។
ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដីមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបន្តចុះពិនិត្យមើលអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោម តាមការស្នើសុំឱ្យជួយសាងសង់របស់ប្រជាពលរដ្ឋ ព្រមទាំងបន្តចុះពិនិត្យមើលទីតាំងដីបម្រុងទុករបស់រដ្ឋ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ដែលត្រូវបានជនខិលខូចលួចចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម