ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការងារសម្រេចបានក្នុងត្រីមាសទី១ និងការលើកទិសដៅសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ថ្នាក់ដឹកនាំ ខណ្ឌរដ្ឋបាលព្រៃឈើ ជលផល និងការិយាល័យជំនាញចំណុះមន្ទីរសរុបចំនួន ២៩រូប ក្នុងនោះស្រ្តី ០៩រូប នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ ជាលទ្ធផលនៃកិច្ចប្រជុំបានរាយការណ៍ដោយសង្ខេប កែសម្រួលចំណុចខ្វះខាត និងឈានទៅការឯកភាពលើរបាយការណ៍ប្រចាំត្រីមាសទី១ និងប្រចាំខែមីនា ឆ្នាំ២០២៣ របស់ខណ្ឌ/ការិយាល័យជំនាញចំណុះទាំនិងកំណត់បាននូវផែនការសកម្មភាពជាអាទិភាពសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣។ ឆ្លៀតឱកាសនោះដែរ លោកប្រធានមន្ទីរ បានលើកយកខ្លឹមសារសង្ខេបនៃសន្និបាតក្រសួងកសិកម្ម និងបានផ្តល់អនុសាសន៍មួយចំនួនដើម្បីលើកកំពស់គុណភាពការងារវិស័យកសិកម្មបន្ថែមទៀតដូចជា ៖
១.ពង្រឹងលើការគ្រប់គ្រងទិន្នន័យតាមការិយាល័យជំនាញទាំងអស់ ជាពិសេសប្រមូលឲ្យបាននូវទិន្នន័យសំខាន់មួយចំនួនដែលជាតម្រូវការសម្រាប់ការរៀបចំគម្រោងប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្តោតលើដំណាំស្វាយចន្ទី ដំឡូងមី និងវារីវប្បកម្ម, ជម្រុញការចិញ្ចឹមត្រី បង្កង សម្រាប់ពាណិជ្ជកម្ម, ២.ពង្រឹងបន្ថែមលើការចុះបង្រ្កាបបទល្មើសជលផល និងយកចិត្តទុកដាក់លើការងារការពារតំបន់អភិរក្ស, ជម្រុញការចុះបញ្ជីដីរដ្ឋរបស់សហគមន៍ព្រៃឈើ, ជម្រុញឲ្យមានច្បាប់ត្រឹមត្រូវលើការធ្វើសិប្បកម្មផលព្រៃឈើ។
៣.ដោយឡែកចំពោះការគ្រប់គ្រងធនធានមនុស្ស ត្រូវគ្រប់គ្រងឲ្យបានការរឹតបន្តឹងវិន័យ និងរបៀបរបបការងារឲ្យបានល្អប្រសើរ ទាំងវត្តមានមន្ត្រីរាជការ និងពេលវេលាធ្វើការ និងការងារត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីខ្មែរ ដោយរៀបចំកែលម្អ សម្អាតទីធ្លាមន្ទីរឲ្យបានស្អាត។