ថ្ងៃអង្គារ៍១១កេីត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោកផាត់ សារុន ប្រធានការិយាល័យ ដឹកនាំមន្ត្រី៥រូប សហការជាមួយអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ចុះត្រួតពិនិត្យការចិញ្ចឹមទា នៅឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
តាមការរាយការណ៍របស់ភ្នាក់ងារសុខភាពសត្វភូមិនៅឃុំស្យា ស្រុកកណ្តៀង បានបញ្ជាក់ថា មានប្រជាពលរដ្ឋចិញ្ចឹមទាចល័ត ចំនួន៣គ្រួសារ ក្នុងនោះមាន១គ្រួសារ កំពុងឈឺនិងងាប់ទាជាច្រេីនក្បាល។
តាមការសាកសួររកឃើញថា ឈ្មោះ សយ ជីប ភេទប្រុស រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង មានទាសាច់ជាង២០០០ក្បាល កំពុងចិញ្ចឹមនៅលេីខ្នងប្រឡាយ តំបន់ដែលធ្វេីស្រែខួបប្រាំង ខួបវស្សា ក្នុងភូមិវត្តលៀប ឃុំស្យា ស្រុកកណ្តៀង។
ក្រោយស្រាវជ្រាវបន្ថែមក្រុមការងាររកឃើញថា ករណីទាឈឺងាប់នេះ គឺបណ្តាលមកពីការពុលថ្នាំកសិកម្ម ដែលបាញ់កម្ចាត់ស្មៅ កម្ចាត់ខ្យង និងកាកសំណល់ថ្នាំដែលនៅក្នុងទឹកប្រឡាយដែលទាកំពុងរកចំណី និងស៊ីខ្យងក្តាមដែលមានជាតិពុល។
ក្នុងឱកាសនោះ លោកប្រធានការិយាល័យបានពន្យល់ណែនាំដល់ម្ចាស់ទា ឱ្យផ្លាស់ប្ដូរទៅរកទីតាំងថ្មី ព្រោះទីតាំងនេះមិនអំណោយផលដល់ការចិញ្ចឹមទានោះទេ បន្ថែមលេីនេះលោកប្រធានក៏បានណែនាំឱ្យម្ចាស់យកទាដែលងាប់ទៅកប់ឱ្យបានត្រឹមត្រូវ ជៀសវាងយកទៅបរិភោគ ព្រោះអាចប៉ះពាល់សុខភាពដោយសារមានជាតិពុល។ លោកប្រធានក៏បានផ្តល់ជូនថ្នាំសម្លាប់មេរោគដល់ម្ចាស់សត្វ និងភ្នាក់ងារសុខភាពសត្វភូមិផងដែរ។