ថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក គឹម ទី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ស្ដីទី លោកនាយផ្នែក-នាយរងផ្នែកក្រគរ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បានចូលរួមជូនដំណើរ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ដោយពុំបានជួបសកម្មភាពបទល្មើសជលផលគួរអោយកត់សំគាល់ ជាពិសេសចុះត្រួតពិនិត្យការ ដាក់ឧបករណ៍នេសាទ លបណរ៉ាវ របស់ប្រជានេសាទ ដោយពួកគាត់ គោរពអនុវត្តតាមគោលការណ៍ របស់សមត្ថកិច្ចជំនាញ។ បន្ទាប់មក ឯកឧត្តម បានប្រជុំនៅស្នាក់ការសហគមន៍នេសាទស្រីចឹក ដោយធ្វើការកោតសរសើរ ដល់ក្រុមការងារចម្រុះមានផ្នែក សង្កាត់ ដែលឈរជើង ដែលបានសហការជាមួយ ក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ខេត្ដពោធិ៍សាត់បានយ៉ាងល្អប្រសើរ ក្នុងការខិតខំ ប្រឹងប្រែង ការពារ ទប់ស្កាត់ កន្លងមក និងបានផ្ដល់មតិណែនាំដល់ក្រុមការងារឲ្យពង្រឹងបន្ថែមទៀតលើបទល្មើសនេសាទឆក់ បទល្មើសចល័ត និងជាពិសេសការពារកន្លែងអភិរក្សជលផលត្រូវចេញល្បាតទាំងយប់-ថ្ងៃ ដើម្បីថែរក្សាមច្ឆជាតិបានគង់វង្ស កុំឲ្យមានការ ថ្លោះធ្លោយអោយសោះ។